ខេត្តកំពត ៖ បទល្មើសឈើប្រណីតនៅតែបន្តកើតមានកាន់តែទ្រង់ទ្រាយធំ ឆ្លងទៅវៀតណាមតាមច្រកតន់ហន់ ពិសេសឈើគ្រូញូង,ធ្នង់ ដែលគេទម្លាយថានគរបាលប្រចាំច្រកនេះតែម្តងជាអ្នកបើកភ្លើងខៀវ មានចេតនាដ៏គឃ្លើននឹងការរឹតបន្តឹងពីបទបញ្ជារាជរដ្ឋាភិបាល ។ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលធ្លាប់ចេញនូវបទបញ្ជាឱ្យបញ្ឈប់ការដឹកជញ្ជូនឈើគ្រញូងខុសច្បាប់យ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញ និងសមត្ថកិច្ចមួយចំនួននៅតែឃុបឃិតគ្នាបន្តប្រព្រឹត្តបទល្មើសដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ជាក់ស្តែងសេចក្តីរាយការណ៍ពីពលរដ្ឋរស់នៅច្រកតន់ហន់ ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាទីតាំងរបស់ក្រុមឈ្មួញធ្លាប់ធ្វើសកម្មភាពរកស៊ី ដឹកជញ្ជូនឈើគ្រញូងនាពេលកន្លងមកបានចាប់ផ្តើមនាំគ្នាធ្វើសកម្មភាព ដឹកជញ្ជូនឈើធ្នង់ខុសច្បាប់យកទៅលក់ឱ្យឈ្មួញវៀតណាមយ៉ាងអនាធិបតេយ្យនោះ។
សមត្ថកិច្ចចម្រុះប្រចាំច្រកព្រំដែនតន់ហន់មិនបានចាត់វិធានការ ទប់ស្កាត់ក្រុមឈ្មួញដឹកជញ្ជូនឈើគ្រញូង និងឈើធ្នង់ទៅលក់នោះទេ ព្រោះពួកគេទទួលបានផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមជនល្មើសជាប្រចាំ។ បញ្ហានេះស្ថាប័ន និងក្រសួងពាក់ព័ន្ធត្រូវតែចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឱ្យសមត្ថកិច្ចចម្រុះប្រចាំច្រកតន់ហន់ និងឈ្មួញខិលខូចប្រព្រឹត្តយ៉ាងគគ្លើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលស្រេចតែអំពើចិត្តតទៅទៀត។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមួយចំនួនបានឱ្យដឹងថាអ្នករកស៊ីឈើ ខុសច្បាប់ភាគច្រើនគឺជាមន្ត្រីនគរបាលដែលមានឋានន្តរស័ក្តិចាប់ពីស័ក្តិ៣ឡើងទៅ ហើយមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចចម្រុះពីគ្រប់ស្ថាប័ន នៅឈរជើងតាមច្រកព្រំដែន។ ដោយសារតែក្រុមឈ្មួញរកស៊ីឈើសុទ្ធតែជាមន្ត្រីប្រដាប់អាវុធមានបុណ្យ ស័ក្តិបែបនេះហើយ ទើបសមត្ថកិច្ចប្រចាំច្រកព្រំដែនមិនហ៊ានបង្ក្រាបរួចសុខចិត្តទទួលយក ផលប្រយោជន៍ថ្លៃបាយទឹកបន្តិចបន្តួចដែលក្រុមឈ្មួញផ្តល់ឱ្យ។ មួយរយៈពេលចុងក្រោយនេះឈើគ្រញូងមិនសូវមាននាំចូលទៅលក់នៅប្រទេសវៀតណាម យ៉ាងពេញបន្ទុកដូចកាលពីមុនទៀតទេ ហើយទីផ្សារនោះសោតកំពុងត្រូវការយ៉ាងខ្លាំងនូវប្រភេទឈើធ្នង់ ។ ក្រុមឈ្មួញបានដឹកជញ្ជូនឈើធ្នង់តាមរថយន្តកូរ៉េ២,៥តោន គ្របតង់ជិត ហើយពេលយប់សមត្ថកិច្ចបើកបារ៉ាស់ឱ្យរថយន្តដឹកឈើឆ្លងដែន យ៉ាងរំភើយ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តដឹកឈើធ្នង់ទៅលក់នៅប្រទេសវៀតណាមក្នុងមួយខែមានយ៉ាងតិច៤ទៅ៥គ្រឿង ដោយអ្នករត់ការជាអ្នកចំណាយលុយទៅឱ្យសមត្ថកិច្ចចម្រុះ ដើម្បីកុំឱ្យសមត្ថកិច្ចបង្ក្រាបក្រុមឈ្មួញ រកស៊ីដឹក ជញ្ជូនឈើខុសច្បាប់។
ទាក់ទងនឹងបញ្ហាខាងលើនេះមេវរៈនគរបាលការពារព្រំដែនប្រចាំតំបន់ច្រកតន់ហន់ បានត្រឹមតែដោះសាថា ខ្លួនមានភារកិច្ចការពារព្រំដែនតែប៉ុណ្ណោះ ហើយមិនបានដឹងពីរឿងឈ្មួញដឹកឈើប្រណីតចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែន ឬច្រករបៀងនោះទេ។ ក៏ប៉ុន្តែប្រភពពីសមត្ថកិច្ចតូចតាចនៅច្រកព្រំដែនតន់ហន់បានឱ្យដឹងថា បទល្មើសដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួននោះមានការឃុបឃិតគ្នា ជាប្រព័ន្ធរវាងក្រុមឈ្មួញនិងសមត្ថកិច្ចពីគ្រប់ស្ថាប័ន។ ក្រុមឈ្មួញដែលជាមន្ត្រីនគរបាលមិនខ្លាចចំណាយលុយឱ្យមន្ត្រីពុករលួយប្រចាំការនៅច្រកព្រំដែននោះទេព្រោះមុខរបររបស់ពួកគេក្នុងមួយជើងៗ ទទួលបានផលចំណេញយ៉ាងច្រើន បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធទេនោះ គឺក្រុមឈ្មួញមិនអាចនាំគ្រញូង និងឈើធ្នង់ទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរលូននោះដែរ ។
ជុំវិញការរិះគន់ដែលពាក់ព័ន្ធបទល្មើសឈើ ឆ្លងកាត់ច្រកតន់ហន់ដ៏ទូលាយនេះ សមត្តកិច្ចប្រចាំច្រកតន់ហន់ មិនទាន់បានអធិប្បាយបកស្រាយទេនោះកាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ នេះ៕