ខេត្ដកណ្ដាល ៖ យុវជនម្នាក់បាក់.កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ គ្រាដែលជិះម៉ូតូហួសល្បឿនកំណត់ត្រង់ចំណុចផ្លូវកោងមិនព្រមបន្ថយល្បឿន បណ្ដាលឱ្យកាច់ចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលស្លាកសញ្ញា បោកផ្ទប់ជាមួយបង្គោលដែក ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៤តាមបណ្ដោយផ្លូវជាតិលេខ១១០ ចំណុចកំពង់ចម្លងក្បាលជ្រោយត្រើយខាងកើត ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សារុំ គឹមឡេង ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ វិទ្យាល័យត្រើយស្លា មានទីលំនៅក្នុងភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាល ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 1AK-9302 និងមានយុវតី២នាក់មិន ស្គាល់អត្ដសញ្ញាណរួមដំណើរជាមួយ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនរងគ្រោះបើកម៉ូតូយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង ដោយមានឌុបយុវតី២នាក់នៅខាងក្រោយ ។ លុះបើកមកដល់ចំណុចកើតហេតុដែលជាផ្លូវមានសភាពកោងខ្លាំង នោះយុវជនរងគ្រោះពុំបានបន្ថយល្បឿន ទេបណ្ដាលឱ្យកាច់ចង្កូតមិនទាន់ក៏ជ្រុល ទៅបុកបង្គោលស្លាកសញ្ញាកំពង់ចម្លង ក្បាលជ្រោយនិងបន្ដទៅបោកផ្ទប់នឹងបង្គោល ស្លាកសញ្ញាមួយទៀតធ្វើអំពីដែកធ្វើឱ្យ អ្នកបើកបរម៉ូតូរងរបួសបែកក្បាលនិង បាក់កស្លាប់នៅកន្លែងកើតហេតុតែម្ដង ។ចំណែកយុវតី២នាក់ដែលរួមដំណើរជាមួយជនរងគ្រោះបានរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ និងធ្វើកំណត់ហេតុ យកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្ដិ៍រដ្ឋបាល និងបានទាក់ទងទៅកាន់ ក្រុមគ្រួសារឱ្យមកទទួលយកសាកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនរងរបួសស្រាលត្រូវបានដឹកទៅលាងរបួសនៅមណ្ឌលសុខភាព ៕