ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពវាយប្លន់សម្ភារៈពីជនរងគ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទាបភ្លឺថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ តាមផ្លូវលំ ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើជនរងគ្រោះបានចេញពីធ្វើការ ដោយត្រឡប់ទៅផ្ទះ ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យទាំង២បានចេញមកធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះយកទូរស័ព្ទ និងទ្រព្យសម្បត្តិមួយចំនួន ហើយវាយជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ។ ក្រោយពីធ្វើសកម្មភាពមិនបានប៉ុន្មានជនសង្ស័យត្រូវបានសមត្ថកិច្ចបានតាមប្រមាញ់ភ្លាមៗផងដែរ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ចាន់ ធូរ អាយុ២៧ឆ្នាំរស់នៅក្នុងភូមិក្បាលកោះសង្កាត់ក្រុងប៉ោយប៉ែត និងម្នាក់ទៀតឈ្មោះ ធុលដេត អាយុ១៧ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។ បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕