រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង តែសំណាងគ្មានអ្នករងរបួសធ្ងន់ធ្ងរ ដែលបណ្តាលមកពីរថយន្តដឹកស្រាបៀអង្គរមួយគ្រឿង បើកបុកបង្គោលភ្លើងក្រឡាប់បាស់ជើងច្រងាង ។ ហេតុការណ៍នេះបានកើតឡើងប្រមាណវេលាម៉ោង៩នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានសង្កេតឃើញរថយន្តដឹកស្រាបៀអង្គរមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2O-7573 ដែលបើកបរដោយបុរសម្នាក់ទំនងជាស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យរថយន្តក្រឡាប់បាស់ជើងច្រងាង តែសំណាងក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមាននរណាម្នាក់រងរបួសធ្ងន់ទេ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍វាស់វែង នាំខ្លួនអ្នកបើកបរនិងរថយន្តរថយន្តបង្កទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕