ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ត្រង់ចំណុច ភូមិឡាម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ក្បែរច្រករបៀងការពារព្រំដែនលេខ៨ហៅប៉ុស្គិ៍ទួលស្វាយ ប្រជាការពារបានចាប់ឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៥ ដែលកំពុងកាប់ទន្ទ្រានព្រៃខុសច្បាប់ចំនួន១៥នាក់ប្រគល់ឲ្យសមត្ថកិច្ច ។
ប្រជាសហគមន៍នៅស្រុកពេជ្រាដាចំនួន០៣ រួមមានសហគមន៍ ពូចា ភូមិឡាម៉េះ និងសហគមន៍ពូលុ ជិត ៥០នាក់ រួមមានទាំងប្រជាការពារភូមិ ១៥នាក់ទៀត បាន ឡោមព័ទ្ធជនជាតិវៀតណាម ១៥នាក់ ដែលគេសង្ស័យចូលមក លួចកាប់ឈើនៅក្នុងក្នុងទីតាំងខាងលើ។
ជាមួយការឃាត់ខ្លួនក្រុមសហគមន៍ បានរឹបអូសគោយន្ត ៤គ្រឿង កាំភ្លើង M16 ចំនួន ១ដើម គ្មានគ្រាប់ ម៉ូតូ ៩ គ្រឿង ម៉ាស៊ីនត្រង់សឺន័រ ៦គ្រឿង និងឈើឡាំង ៤ជ្រុងមួយចំនួនផងដែរ។ រហូតដល់ម៉ោង ៥ និង៣៥ នាទីល្ងាចថ្ងៃដដែល ជនជាតិវៀតណាមទាំង ១៥នាក់ រួមទាំងវត្ថុតាងត្រូវបានសហ គមន៍បញ្ជូនទៅ កាន់ប៉ុស្តិ៍រដ្ឋបាលឃុំប៊ូស្រា ដើម្បីសួរនាំបន្ត។
បើតាមសមត្ថកិច្ចជនជាតិវៀតណាមទាំង ១៥នាក់នេះ នឹងបញ្ជូនបន្តទៅកាន់ស្នងការដ្ឋានខេត្តមណ្ឌលគិរី ដើម្បី ចាត់ការតាមនិតិវិធីបន្ត៕