រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្តបើកបុកពេលកំពុងឆ្លងផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវជាតិលេខ៦ ឋិតក្នុងក្រុមទី១០ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉េង វី ភេទប្រុស អាយុ១២ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ ។ ចំណែកជនបង្កមានឈ្មោះ មុន ម៉ន់ ភេទប្រុស អាយុ៦០ ឆ្នាំ ជាអ្នកបើករថយន្តបង្ក ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិ ព្រែករំដួល ឃុំជាងទង ស្រុកត្រាំងកក់ ខេត្តតាកែវ ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងបំណងរើសអេតចាយ។ លុះមកដល់ចំណុចកើតហេតុ ត្រូវរថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ2L-1157 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដោយបុកក្មេងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យដួល ហើយអូសធ្វើឲ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង ។ ក្រោយពេលឃើញហេតុការណ៍បែបនេះជនបង្កបានព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ចស្ទាក់ឃាត់បានភ្លាមៗផងដែរ។
ជនបង្ករួមទាំងរថយន្ត ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុក និងសាកសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕