ខេត្ដបាត់ដំបង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានសម្លាប់មនុស្ស៥នាក់ និង១០ផ្សេងទៀតបានទទួលរងរបួសធ្ងន់ស្រាល ខណៈដែលក្រឡាប់គោយន្ដចូលស្ទឹង ក្រោយពីបើកចេញពីហូបការបងប្អូន ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៤ នៅចំណុចរាមគន់អាងទ្វារទឹកទី១០ (ស្ទឹងមោង) ស្ថិតក្នុងភូមិជ្រៃ១ ព្រំប្រទល់ភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាអ្នកស្លាប់នៅកន្លែងកើតហេតុទី១ឈ្មោះ ច្រឹក វិន ភេទប្រុស អាយុ៥៧ឆ្នាំ និងទី២ ឈ្មោះ រ៉ាយ ឆាយ ភេទស្រី អាយុ ៦៣ឆ្នាំ ជាប្ដីប្រពន្ធនិងជាឪពុកម្ដាយអ្នកបើកគោយន្ដកន្ដ្រៃ ។ ចំណែកអ្នកស្លាប់ពេលដឹកដល់មន្ទីរពេទ្យមោង៣នាក់ទី១ឈ្មោះ រ៉េត សារ៉ូត អាយុ៨ឆ្នាំ ទី២ឈ្មោះ វិនសា ភេទប្រុស អាយុ១២ឆ្នាំ ជាប្អូនពៅរបស់អ្នកបើកបរគោយន្ដ និងទី៣ឈ្មោះប៉ះចក់ អាយុ៣៣ឆ្នាំ ។ អ្នក របួសធ្ងន់៦នាក់ទី១ឈ្មោះ ចៀម មករា ភេទប្រុស អាយុ៥ឆ្នាំ បញ្ជូនទៅ ពេទ្យសៀមរាប ទី២ឈ្មោះ រ៉េត កញ្ញា អាយុ ៥ឆ្នាំបញ្ជូនទៅមន្ទីរពេទ្យសៀមរាប ទី៣ ឈ្មោះឡេ រ៉ន ភេទស្រី អាយុ៥១ឆ្នាំរបួស ក្បាលជើងស្ដាំ ទី៤ឈ្មោះ ស៊ាបទូច ភេទ ស្រី អាយុ២០ឆ្នាំ ជើងនិងត្រគាក ទី៥ ឈ្មោះរ៉េត សារ៉ាត់ ភេទប្រុស អាយុ១២ឆ្នាំ របួសក្បាលដៃ និងទី៦ឈ្មោះរិត ស្រីធំ ភេទស្រី អាយុ៨ឆ្នាំរបួសដៃសងខាងនិង ថ្គាមអ្នកទាំងអស់កំពុងព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្ដបាត់ដំបង ។
រីឯអ្នក រងរបួសស្រាលមាន៤នាក់ទី១ឈ្មោះវិន ដែន ភេទប្រុស អាយុ២៤ឆ្នាំ អ្នកបើកបរគោយន្ដទី២ឈ្មោះស៊ាបសុខេងភេទស្រី អាយុ៦ឆ្នាំ ទី៣ឈ្មោះ ហឿង រុំ ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅមន្ទីរពេទ្យ មោង និងទី៤ឈ្មោះ រិត ស្រីតូច ភេទស្រី អាយុ៧ឆ្នាំកំពុងព្យាបាលនៅពេទ្យបង្អែកបាត់ដំបង ។ ជនរងគ្រោះស្លាប់និងរបួស ធ្ងន់ស្រាលរស់នៅភូមិបឹងអំពិល ឃុំព្រែក ជីកស្រុករុក្ខគិរីនិងត្រូវជាសាច់ញាតិបង ប្អូនកូនក្មួយពូមីងអ៊ំនិងសាច់ថ្លៃនឹងគ្នា ។
ប្រភពដដែលបានបន្តទៀតថា ពេលចេញពីហូប ការនៅភូមិម្រេះព្រៅបានធ្វើដំណើរ តាមគោយន្ដពីកើតមកលិចត្រើយខាងត្បូងស្ទឹងមោងមកជិតដល់ចំណុចកើត ហេតុអ៊ំប្រុសស្រីរបស់គេដែលជាឪពុកម្ដាយអ្នកបើកគោយន្ដកន្ដ្រៃ បានប្រាប់កូនប្រុសថាជិតដល់ផ្លូវបត់ឡើងស្ពានហើយកុំបើកលឿនពេកប្រយ័ត្នគ្រោះថ្នាក់ ។ លុះមកដល់កន្លែងកើតហេតុដោយសារល្បឿនលឿនផងនោះ ក៏ជ្រុលចង្កូតបុកបង្កាន់ដៃស្ពានធ្លាក់ចូលស្ទឹងតែម្ដង ៕
8