រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនអ្នកចម្រៀងប្រចាំផលិតកម្ម Diamond ម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ថាបាន រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ។
ប្រភពពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនអ្នកចម្រៀងខាងលើនេះ គឺកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃបានទទួលពាក្យបណ្តឹងពីស្ត្រីម្នាក់ដែលជាម្តាយជន រងគ្រោះ តាមរយៈអង្គការសម្ពន្ធ័ចាប់ដៃសំរាប់ជួយអនីតិជននៅកម្ពុជា បានប្តឹងឈ្មោះជុំ សម្ពស ហៅ ចេស្តា ជាអ្នកចម្រៀងប្រចាំផលិតកម្ម Diamond និងច្រៀងម្តងម្កាលនៅក្លឹបកម្សាន្តថោន ។
ប្រភពព័ត៌មានបានឲ្យដឹងថា ពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ បានចោទប្រកាន់អ្នកចម្រៀងរូបនោះថា កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ឈ្មោះ ចេស្តា បានទៅនាំកូនស្រីគាត់ចេញពីផ្ទះបាត់១យប់ ។ លុះស្អែកឡើងកូនមកដល់ផ្ទះវិញម្តាយសួរនាំទៅថាឈ្មោះ ចេស្តា យកនាងទៅរួមភេទនៅផ្ទះសំណាក់ ។
ជាងនេះទៀតនាងបានសារភាពទទួលកំហុសជាមួយ នឹងម្តាយថា មិនមែនតែម្តងនេះទេដែលឈ្មោះ ជុំ សម្ពស ហៅចេស្តា លួងលោមនាងទៅរួមភេទនៅផ្ទះសំណាក់នោះ គឺសរុបទៅ៤លើកមកហើយ ។ នាងរងគ្រោះបានប្រាប់ម្តាយថា នាងចាញ់បោកអស់ព្រហ្មចារីជាមួយអ្នកចម្រៀងម្នាក់នោះ ព្រោះនាងចង់ក្លាយជាតារាចម្រៀង ដើម្បីឲ្យបានធ្វើជាតារានាងសុខចិត្តលះបង់អ្វីៗដែលគេត្រូវការ ទីបំផុតបានត្រឹមខកខ្លួនជាមួយអ្នកចម្រៀងរូបនេះបោកយកព្រហ្មចារីអស់រលីង ៕