ខេត្តកំពង់ឆ្នាំង ៖ យ៉ាងណាស់មនុស្ស៣នាក់បានទទួលរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី០៥ មីនា នៅចំណុចសួនរិទ្ធីសែននាងកង្រី ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង០៣នាក់មានទី១-ឈ្មោះ មាស ពិសី ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកបើកបរម៉ូតូ ,ទី២-ឈ្មោះ ថាប់ ធីតា ភេទស្រី អាយុ១៧ឆ្នាំ និងទី៣-ឈ្មោះ សឿន ស្រីមុំ ភេទស្រី អាយុ២១ឆ្នាំ អ្នកទាំង០៣ជាកម្មករកម្មការនីរោងចក្រកាត់ដេរតាបារាំង ។ ចំណែកភាគីបង្កត្រូវបានគេដឹងថា ជាលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ដោយជិះរថយន្តបង្ក ម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខរដ្ឋ19 2-0033។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ អត់ស្លាកលេខ ។ លុះបើកមកដល់ចំណុចកើតហេតុក៏ត្រូវបង្កបុកបណ្តាលឱ្យពួកគេដួលរងរបួស ។ ក្រោយពេលកើត ដោយភាពមិនទទួលខុសត្រូវ លោកប្រធានមន្ទីរក៏បានបើករថយន្តរត់គេច ទៅលាក់ទុកនៅហាងលក់ទឹកត្នោតជូយីហោ សៀ លីហួរ ឋិតក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដើម្បីដូរកង់ក្រោយ ព្រោះថាពេលកិនម៉ូតូនោះរថយន្តបានបែកកង់ក្រោយដែរ ។
ចំពោះបញ្ហាខាងលើនេះ មជ្ឈដ្ឋានមហាជនរង់ចាំមើលថា តើសមត្ថកិច្ចចរាចរក្រុងកំពង់ឆ្នាំងដោះស្រាយបែបណាទៅវិញ? ចំណែកប្រភពពីលោកប្រធានមន្ទីរបរិស្ថានខេត្តបានឱ្យដឹងថា លោកមិនបានបើកឡានកិនត្រូវម៉ូតូអ្នករងគ្រោះនោះទេ គឺពួកគាត់ទេ ដែលជាអ្នកបើកម៉ូតូមកបុកចំកង់រថយន្តរបស់លោក ហើយត្រូវតែចេញលុយសងកង់ឡានទើបត្រូវ ។ អ្នកដែលឃើញហេតុការណ៍នោះបានខ្សឹបខ្សៀវគ្នាថា បើសិនជាលោកប្រធានមន្ទីរមិនមានកំហុសទេនោះ ចុះហេតុអ្វីចាំបាច់បើករថយន្តរត់គេច ពេលសមត្ថកិច្ចតាមទាន់បែរជាឱ្យភាគីម៉ូតូជាអ្នកសងថ្លៃកង់រថយន្តខ្លួនទៅវិញ ៕