រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនបុរសជនជាតិចិនសញ្ជាតិម៉ាឡេស៊ីម្នាក់ ពាក់ព័ន្ធករណីរំលោភក្មេងស្រីអនីតិជន ក្រោយទទួលបានពាក្យបណ្តឹងរបស់សាច់ញាតិកុមារីរងគ្រោះ កាលពីវេលាម៉ោង១១និង៤០នាទីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ Ng Kay Hwa ហៅ ឡៅហ័ង អាយុ៤០ឆ្នាំ ជាប្រធានសិប្បកម្មកាត់ដេរមួយកន្លែង ស្នាក់នៅផ្ទះលេខ៩១១ ផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានអញ្ជើញមកកាន់ ការិយាល័យ ហើយសុំគោលការណ៍ពីព្រះរាជអាជ្ញាឃាត់ខ្លួនតែម្ដង ពីបទពេស្យាចារកុមារ និងរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ។
តាមពាក្យបណ្ដឹងរបស់សាច់ញាតិក្មេងស្រីរងគ្រោះបានឱ្យដឹងថា ជនសង្ស័យបានឱ្យលុយទៅកុមារីរងគ្រោះឈ្មោះ អ.ស.ខ អាយុ១៤ឆ្នាំ ទៅរួមភេទនៅផ្ទះសំណាក់ចិន្ដាអង្គរ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចំនួន២ដង ដោយក្នុងមួយដងឱ្យលុយទៅកុមារីរងគ្រោះចំនួន១០០ដុល្លារ ។ កាលពី ឆ្នាំ២០១៣ ជនសង្ស័យ និងកុមារីរងគ្រោះបាននាំគ្នាទៅផឹកស៊ីនិងច្រៀងខារ៉ាអូខេនៅហាងឌី យ៉ាម៉ង់ពេលនោះក៏ត្រូវគ្នារួចហើយជនសង្ស័យ បានឱ្យលុយកុមារីរងគ្រោះចំនួន៥០០ដុល្លារទៅរួមភេទនៅផ្ទះសំណាក់ ខាងលើ ហើយក្មេងស្រីរងគ្រោះគឺជាបុគ្គលិកបម្រើការងារនៅក្នុងរោង សិប្បកម្មរបស់ជនសង្ស័យតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ ៕