រាជធានីភ្នំពេញ ៖ អ្នកនាង ចាន់ តារាទី ដែលប្រិយមិត្តជ្រាបស្រាប់ហើយថា តារាសម្តែងជើងចាស់ក្នុងវិថីសិល្បៈអំឡុងទសវត្សទី៨០ បានបញ្ជាក់ប្រាប់ឱ្យដឹងថា រហូតមកដល់ពេលនេះអ្នកនាងមានវ័យរាងចាស់ជ្រេ ហើយប្រជាប្រិយភាពក្នុងការសម្តែងក៏មិនដូចមុន ហេតុតែស្រឡាញ់ចេះតែខំប្រឹងសម្តែង ។ ខ្សែជីវិតរបស់អ្នកនាង ចាន់ តារាទី ដែលចូលប្រឡូកក្នុងសិល្បៈ ធ្លាប់ជួបទាំងភាពសប្បាយ និងល្វីងជូរចត់គ្រប់បែបយ៉ាង ។
អ្នកនាង ចាន់ តារាទី បានបង្ហាញពីអារម្មណ៍ក្នុងការស្រឡាញ់ចូលចិត្តសិល្បៈយ៉ាងណាក៏ដោយតែសម្រាប់តារារូបនេះហាក់ដូចជា មិនចង់ឱ្យកូនបណ្តូលចិត្តរបស់ខ្លួន ចូលប្រឡូកសិល្បៈស្នងតំណែងសាងកេរ្តិ៍ឈ្មោះឱ្យល្បីល្បាញដូចខ្លួនឡើយ អ្នកនាងបាននិយាយថា “ទោះជាខ្ញុំស្រឡាញ់សិល្បៈក៏ពិតមែន តែសម្រាប់កូនប្រុសស្រីខ្ញុំ គឺខ្ញុំដាច់ខាតមិនចង់ឱ្យគេចូលប្រឡូកសិល្បៈដូចខ្ញុំទេ។
ខ្ញុំមិនចង់ឱ្យពួកគេចំណាយពេលដើរតាមគន្លងចាស់របស់ខ្ញុំទេ។ ទឹកចិត្តជាម្តាយគ្រប់រូប តែងតែចង់ឱ្យកូនបានរៀនខ្ពស់មុខខ្ពស់មាត់គ្រប់ៗគ្នា ហើយខ្ញុំក៏មិនខុសអីពីគេដែរ បំណង ប្រាថ្នា ខ្ញុំចង់ឱ្យកូនបន្តការសិក្សាឱ្យចប់សិន ចាំគិតទៀត ..!”។ មេម៉ាយចាយសម្រស់វ័យជាង៤០ឆ្នាំ អ្នកនាង ចាន់ តារាទី ក៏បានបង្ហើបឱ្យដឹងទាក់ទងនឹងរឿងស្នេហារបស់នាងថា “បច្ចុប្បន្ននេះ ខ្ញុំបានបិទទ្វារបេះដូង ព្រោះថាខ្ញុំមានវ័យ៤៥ឆ្នាំហើយ ខ្ញុំមិនចង់ទៅគិតរឿង ស្នេហាស្នេហ៍ហឺតអីទៀតទេ..។ អ្វីដែលសំខាន់សម្រាប់ជីវិតខ្ញុំពេលនេះ និងទៅអនាគតគឺខ្ញុំធ្វើគ្រប់យ៉ាង ដើម្បីកូនឃើញកូនមានសេចក្តីសុខសប្បាយ ខ្ញុំក៏មានសុភមង្គល៕