រាជធានីភ្នំពេញ ៖ ដោយឃើញនូវសភាពទើសភ្នែកពេក ប្រជាពលរដ្ឋម្នាក់បានរាយការណ៍ប្រាប់ភ្នាក់ងារសារព័ត៌មានកំណើត អំពីសកម្មភាពរបស់លោក តន់ ចាន់ធី ប្រធានទីស្នាក់ការគយមាត់ច្រកព្រែកចាក ផឹកស្រា ស្រវឹង ហើយបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយធ្វើឱ្យប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ធ្ងររួចហើយរត់គេចខ្លួនមិនទទួលខុសត្រូវ ។
ប្រភពពីប្រជាពលរដ្ឋបានអះអាងថា លោកមេគយព្រែកចាកឈ្មោះ តន់ ចាន់ធី បានបើករថយន្ដម៉ាកហ្វ័ររឺនឺពណ៌សមួយគ្រឿង ដោយមានដឹកស្រីស្នេហ៍ផងដែរនោះ ចេញពីច្រៀងនៅហាងខារ៉ាអូខេ រួចហើយបានបើកបរ ជ្រុលទៅបុកប្រជាពលរដ្ឋម្នាក់ នៅខេត្ដកែបបណ្ដាលឱ្យរង របួសធ្ងន់ធ្ងរ បន្ទាប់មកក៏បើករថយន្ដទាំង បែកកង់រត់រហូតដល់ធ្លាក់ផ្លូវទៅមុខលែងរួចទើបបើកទ្វាររថយន្ដរត់គេចខ្លួនបាត់ ។ មិនតែប៉ុណ្ណោះពេលសមត្ថកិច្ចហៅឱ្យចូលខ្លួនទៅដោះស្រាយបែរជាលោក តន់ ចាន់ធី បដិសេធថា រូបគាត់មិនមែនជាអ្នកបើកបង្កទេ គឺអ្នកផ្សេងជាអ្នកបើកទៅវិញ។
ជុំវិញបញ្ហាខាងលើមិនទាន់មានការបកស្រាយបញ្ជាក់បំភ្លឺពីលោក តន់ ចាន់ធី ប្រធានទីស្នាក់ការគយមាត់ច្រកព្រែកចាក នោះឡើយទេ៕