រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៤ កម្លាំងនគរបាលខណ្ឌសែនសុខ បានចុះទៅបង្ក្រាបសង្វៀនបញ្ជល់មាន់ខុសច្បាប់មួយកន្លែងឋិតនៅចំណុចក្រុមទី៥ ផ្លូវលំ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់ ចំនួន ៥នាក់ ។
ប្រភពពីរបាយការណ៍សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មនុស្សទាំង៥នាក់ដែលត្រូវចាប់ខ្លួនរួមមាន ទី១ ឈ្មោះ លន ធា អាយុ ២៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ ផ្ទះជួល ក្រុមទី៥ ផ្លូវលំ ភូមិទំនប់ សង្កាត់ភ្នំ ពេញថ្មី ទី២ ឈ្មោះ លាង ហេង អាយុ២៥ ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅផ្ទះជួល ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ទី៣ ឈ្មោះស៊ុន វិចិត្រ អាយុ ២៩ឆ្នាំ មុខរបរ ជាងជួសជុល រថយន្ដ ស្នាក់នៅក្នុងយាន្ដដ្ឋាន សង្កាត់បឹង សាឡាង ខណ្ឌទួលគោក ទី៤ ឈ្មោះ លី កា អាយុ២៧ឆ្នាំ មុខរបរ ជាងភ្លើង រស់នៅ ភូមិអូរបែកក្អម សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក និងទី៥ឈ្មោះ អែល អង្គា អាយុ ៣៤ឆ្នាំ មុខរបរ យោធា រស់នៅសង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយការបង្ក្រាប និងចាប់ខ្លួនរួចមកកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានមាន់ឈ្មោលជល់៥ក្បាល ជញ្ជីងសម្រាប់ថ្លឹងមាន់ ១លុយដុល្លារ៦៤០ដុល្លារ និងម៉ូតូចំនួន៥គ្រឿង ព្រមទាំងសម្ភារៈ មួយចំនួនទៀតនាំទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីមានវិធានការតាមផ្លូវច្បាប់ ៕