ខេត្តកណ្តាល ៖ មិនរំលោងបានប៉ុន្មានថ្ងៃផង រថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតេលាបានបុកសម្លាប់ស្ត្រីម្នាក់ខ្ទេចមួយកំណាត់ខ្លួនខាងក្រោមស្លាប់ភ្លាមៗគួរឲ្យអាណោចអាធម័ និងស្ត្រីម្នាក់ទៀតជាប្អូនបង្កើតបានរងរបួសយ៉ាងសន្លប់ស្តូកស្តឹង នៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍រន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង០៥នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ២១B ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ស្ថិតក្នុងភូមិព្រែកបិល ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កហេតុម៉ាក ISUZU ពណ៌ខៀវលាយលឿង ពាក់ស្លាកលេខភ្នំពេញ 3C-1636 ពាក់លេខសម្គាល់៤០៦ ជាប្រភេទរថយន្តស៊ីទែនដឹកប្រេងក្រុមហ៊ុនកម្ពុជាតេលា បើកបរដោយឈ្មោះ វ៉ា វិបុល ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរតាមបណ្តោយផ្លូវជាតិលេខ២១B ក្នុង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ។ លុះបើកមកដល់ចំណុចកើតហេតុពុំដឹងជាមានរឿងអ្វីកើតឡើងនោះទេ រថយន្តបង្កបានរេចង្កូតទៅឆ្វេងដៃឆ្លងផុតកណ្តាលទ្រូងផ្លូវជ្រុលទៅបុកម៉ូតូរបស់ស្ត្រីរងគ្រោះម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1S-3956 បណ្តាលឲ្យម៉ូតូដួលខ្ទាត ហើយស្ត្រីរងគ្រោះឈ្មោះ សាន់ មួយឡេង អាយុ៤៥ឆ្នាំ អ្នកបើកបរម៉ូតូចូលក្រោមកង់រថយន្តកិនខ្ទេចមួយកំណាត់ត្រឹមពោះចុះមកក្រោមស្លាប់យ៉ាងអាណោចអាធ័ម ។ ចំណែកស្ត្រីរងគ្រោះជាប្អូនឈ្មោះ សាន់ មួយលី ភេទស្រី អាយុ៤២ឆ្នាំ បានរងរបួសយ៉ាងធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតអ្នកបើកបររថយន្តពុំបានឈប់នៅកន្លែងកើតហេតុដើម្បីទទួលខុសត្រូវនោះទេ គឺបានបន្ថែមល្បឿនបំណងបើកគេចរហូតស្រុកស្អាង ត្រូវបាននគរបាលប៉ុស្តិ៍បាលកោះធំខស្ទាក់ចាប់បានទាំងរថយន្ត និងអ្នកបើកបរនៅចំណុចគល់ស្ពានលេខ៤០ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ រួមជាមួយម៉ូតូជនរងគ្រោះ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ឯលំនៅឋាន ។ ចំណែកអ្នករងរបួសកំពុងសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ ៕