ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីកាប់ជនរងគ្រោះបណ្តាលឲ្យរបួស ក្នុងវង់ផឹកស៊ី ។ ករណីបង្ករបួសស្នាមត្រូវសមត្ថកិច្ចឃាត់ខ្លួននេះធ្វើឡើងកាល ពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតៀមស្រាចំណុចភ្នំហេងដានភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមានឈ្មោះ យ៉ាន ឡេង អាយុ៣៤ឆ្នាំ ជាកម្មករត្រូវជាបងថ្លៃជនរងគ្រោះនិងវត្ថុតាងកាំបិតខ្វែវចំនួន១ ។ ចំណែកបុរសរងគ្រោះជាប្អូនថ្លៃឈ្មោះ អ៊ុន វុទ្ធី អាយុ២៩ឆ្នាំ រងរបួសដាច់ស្លឹកត្រចៀកឆ្វេងប្រវែង១០សង់ទីម៉ែត្រមានជម្រៅដល់លលាដ៏ក្បាល ។ អ្នកទាំង២នាក់មានទីលំនៅភូមិឃុំកើតហេតុ ។
បុរសរង គ្រោះជាប្អូនថ្លៃឈ្មោះ អ៊ុន វុទ្ធី បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុពួកខ្លួនបានអង្គុយហូបស្រាជាមួយគ្នាហើយជជែកពី ការងារ ។ខណៈនោះបងថ្លៃគាត់អួតពីរឿងធ្វើការងារនៅប្រទេសថៃបានកម្រៃខ្ពស់ ខ្លួនក៏បាននិយាយថា ការងារនៅប្រទេសគេបានប្រាក់ឈ្នួលខ្ពស់មែនតែបើគិតដកថ្លៃឈ្នួល ផ្ទះហូបចុកវាមិនខុសគ្នាពីការងារនៅប្រទេសកម្ពុជាទេ ។ ម្យ៉ាងទៀតនៅប្រទេសថៃសម្បូរអ្នកបោកអ្នកខ្លះត្រឡប់មកវិញគ្មាន ប្រាក់ក៏មានដែរដូច្នេះមិនបាច់ទៅទេ ។ បន្ទាប់មកបងថ្លៃស្ទុះមកវាយខ្លួនហើយខ្លួនក៏តដៃវាយបងថ្លៃវិញ គាត់ស្ទុះទៅយកកាំបិតខ្វែវមកកាប់ខ្លួនចំស្លឹកត្រចៀកដាច់ចេញឈាម តែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងពីបទហិង្សាដោយចេតនាបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕