រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញចាប់ឃាត់ខ្លួនក្រុមឆក់ដ៏សកម្ម ខណៈដែលពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទជនបរទេសមិនបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៤៥នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅខាងត្បូងផ្សារទំនើបសូរិយា តាមបណ្ដោយផ្លូវលេខ៦៣ កែងផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី ១ ខណ្ឌដូនពេញ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនបាននោះមាន ទី១. ឈ្មោះ កន ជីវ័ន្ត អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះ លេខ ១០៦ ផ្លូវលេខ ៨០ សង្កាត់ស្រះចក។ ជនសង្ស័យរូបនេះ ធ្លាប់ជាប់គុករយៈពេល ១ឆ្នាំម្តងរួចមកហើយ កាលពីឆ្នាំ២០១៣។ ជនសង្ស័យទី២. ឈ្មោះ ប៉ិច វណ្ណណេត អាយុ ២២ឆ្នាំ មុខរបរលក់ចង្រិត ស្នាក់នៅផ្ទះលេខ ១៤៣ ផ្លូវលេខ៥៧ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរសមត្ថកិច្ចបានរឹបអូសម៉ូតូជនសង្ស័យមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ គ្មានស្លាកលេខ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕