ប្រទេសថៃ ៖ យ៉ាងហោចណាស់មនុស្ស១០បានស្លាប់ និង១៦នាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍បាក់អគារដែលកំពុងសាងសង់ នៅស្រុកបាងភី នៃខេត្តសមុទ្រប្រកាន ជិតក្រុងបាងកក នៃប្រទេសថៃ ។ នេះបើយោងតាមគេហទំព័រការផ្សព្វផ្សាយរបស់ទីភ្នាក់ងារ The Nation នៃប្រទេសថៃ។
ប្រភពពីទីភ្នាក់ងារ The Nation បញ្ជាក់ថា មនុស្សដែលស្លាប់១០នាក់នោះរួមមាន ជនជាតិកម្ពុជា២នាក់ ជនជាតិថៃ និងមីយ៉ាន់៨នាក់ ។ ពួកមន្ត្រីជួយសង្គ្រោះបាននិយាយថា ផ្លង់សេ បានធ្លាក់ជាប់នឹងអគារទី១និងទី២នៅជាន់ទី។ផ្លង់សេនោះ មានប្រវែង២០គុណនឹង១៥ម៉ែត្រ និងកម្រាស់០,៣ម៉ែត្រ បានធ្លាក់ទៅលើជាន់ទី២ ហើយសង្កត់លើកម្មករដែលកំពុងស្រស់ស្រូបអាហារ។ ផ្លង់សេស៊ីម៉ង់ត៍បានបាក់ធ្លាក់ ពីសំណង់ដែលជាផ្នែកមួយនៃការពង្រីកមជ្ឈមណ្ឌលវេជ្ជសាស្ត្រចក្រី ណារឺបូឌីនដ្រា របស់មន្ទីរពេទ្យRamathibodi Hospital។
សំណង់អគារនេះ នៅផ្នែកខាងជើងមានស្នាមប្រេះ និងរន្ទារកោង។ ពួកវិស្វករបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះប្រឈមនឹងគ្រោះថ្នាក់ ពីព្រោះអគារទាំងមូលអាចនឹងរលំ។ សំណង់អគារមួយនេះ ក្រុមហ៊ុនថៃ-អ៊ីតាលី ជាអ្នកម៉ៅការសាងសង់ ហើយក្រុមហ៊ុនACSE 110 Consortiumជាអ្នកត្រួតពិនិត្យគំរោង។
អាជ្ញាធរថៃ បានសន្យាថា នឹងធ្វើការស៊ើបអង្កេតចំពោះគ្រោះថ្នាក់នេះ ហើយធានាសងដល់គ្រួសារជនរងគ្រោះ។ មិនទាន់មានព័ត៌មានបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ តែសារព័ត៌មាន The Nation បញ្ជាក់ថា អ្នកស្លាប់ពីរនាក់គឺជាជនជាតិកម្ពុជា៕