ក្រុងប៉ោយប៉ែត ៖ នានៅរសៀលថ្ងៃ២៤ ខែកុម្ភៈ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបង្ហាញមុខពាក់ព័ន្ធករណីប្រើអំពើហិង្សាចេតនាទៅជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចបរិវេណកាស៊ីណូស្តាវិហ្កាស (ផ្កាយប្រាំ) ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន១-ឈ្មោះ រឿន សារុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន២សង្កាត់-ក្រុងប៉ោយប៉ែតនិងទី២ ឈ្មោះ មិន សាគីរីម ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះឈ្មោះ អៀម វិបុល ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីបានឃាត់ខ្លួនជនសង្ស័យបានសារភាពខ្លួនពិតជាបានធ្វើសកម្មភាព យកកាំបិតទៅកាប់ជនរងគ្រោះពិតមែនដោយមានបក្ខពួកចំនួន៣នាក់ ដោយជនរងគ្រោះបានមើលមុខទើបនាំគ្នាដេញកាប់ បណ្តាលឲ្យរងរបួសត្រង់ដៃខាងស្តាំតែម្តងទៅ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង និងឃុំខ្លួនបណ្តោះអាសន្ន ចំណែកឯនៅសល់ជនសង្ស័យម្នាក់ទៀតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕