ខេត្តកំពង់ចាម ៖ គិតត្រឹមម៉ោង១៨ល្ងាចថ្ងៃទី២៣ កុម្ភៈ ២០១៤នេះ ចំនួនអ្នកស្លាប់ដោយសារ រថយន្តដឹកប្រេងក្រុមហ៊ុនឈន ថារី បានបើកចុះពីលើស្ពានគីហ្ស៊ូណា ហើយបានដាច់ហ្វ្រាំងបុករះបង្កវិនាសកម្មបណ្តាលឲ្យបុករះម៉ូតូនិង រថយន្តនោះ ចំនួនអ្នកស្លាប់ បានកើនដល់២នាក់ហើយ និងរបួសធ្ងន់ស្រាលចំនួន៥នាក់ ។
គួររំលឹកថា កាលពីវេលាម៉ោង ប្រមាណ ១២និង២០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ស្ថិតនៅ គល់ស្ពាន គីហ្សូណាត្រើយខាងលិចម្តុំរង្វង់មូល ក្រុងកំពង់ចាម ខេត្តកំពង់ចាម រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនឈន ថារី បានបើកបុករះបង្កវិនាសកម្មបណ្តាលឲ្យស្លាប់កុមារីម្នាក់ស្លាប់ដោយរថយន្តកិនខ្ទេចក្បាលចេញខួរស្លាប់នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់ស្រាល៧នាក់ ឆេះ និងខូចខាតម៉ូតូ៩គ្រឿង រួមនឹងម៉ូតូរ៉ឺម៉កកង៣មួយគ្រឿង កង់២គ្រឿង រថយន្ត២គ្រឿងខូចខាតសម្ភារះប្រជាពលរដ្ឋមួយចំនួនធំ និងសំយាបផ្ទះប្រជាពលរដ្ឋដែលនៅជាប់ផ្លូវត្រូវឆាបឆេះសំណាងល្អបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តមកជួយពន្លត់ទាន់ ដោយសារតែការធ្វេសប្រហែសនិងគ្មានការប្រុងប្រយ័ត្នរបស់អ្នកបើកបរក្រុមហ៊ុនឈន ថារី ខាងលើ ។
ពេលឃើញសភាពការណ៍មិនស្រួលអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រុងកំពង់ចាម និង ធ្វើឲ្យមានការកកស្ទះចរាចរណ៏ជាច្រើនម៉ោងថែមទៀតផង ។ មន្ត្រីប៉ូលីសប៉ូលិសចរាចរណ៏ក្រុងកំពង់ចាមឲ្យដឹងថា រថយន្តបង្កពាក់ស្លាកលេខ កំពង់ចាម 3A 2896 ជាកម្មសិទ្ឋិរបស់ក្រុមហ៊ុន ថារី ពាណិជ្ជ មានទីតាំងស្ថិតនៅក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ មុនពេលកើតហេតុ រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនឈន ថារី បានធ្វើដំណើរ ពីត្រើយទន្លេបិទ ដោយឆ្លងកាត់ស្ពាន គីហ្សូណា បានបើកបោះពួយយ៉ាងលឿនចុះពីស្ពានគីហ្សូណា ។
លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តជ្រុលចង្កូតទៅ បុកអ្នកជិះម៉ូតូ មានម្តាយ ឪពុក និងកូនស្រី អាយុ២ឆ្នាំ បណ្តាលឲ្យកិន ក្មេងស្រីរងគ្រោះបែកក្បាល ខ្ទេចស្លាប់ភ្លាមៗតែម្តង។ពេលបុករះហើយរថយន្តបង្កហេតុមិនព្រមឈប់ទេ បានជ្រុលទៅបុកម៉ូតូនិងរថយន្តបណ្តាលឲ្យផ្ទុះឆេះនិងខូចខាតម៉ូតូ៨គ្រឿង និងរថយន្ត២គ្រឿង រួមនឹងរថយន្តបង្កហេតុផងដែរ ហើយបណ្តាលឲ្យសំយាបផ្ទះប្រជាពលរដ្ឋរងការឆាបឆេះ ប៉ុន្តែសំណាងល្អត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមមកជួយពន្លត់ទាន់ពេល ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួន ហើយសមត្ថកិច្ចបានស្ទូច និង អូសទាំងម៉ូតូនិងរថយន្ត បញ្ជូនទៅរក្សាទុកនៅស្នងការខេត្តរង់ចាំដោះស្រាយតាមច្បាប់ ។
អ្នកឃើញហេតុការណ៍និងមហាជនដែលរស់តំបន់កើតហេតុបានរិះគន់ចំៗទៅលើរថយន្តបង្ករបស់ក្រុមហ៊ុនឈន ថារី ថា រថយន្តដឹកប្រេងធំទាំងមូលអ្នកបើកបរហាក់ដូចជាមិនបានចូលរៀនសាលាបើកបរសោះ បែរជាបង្កឲ្យមានគ្រោះថ្នាក់ធំបែបនេះ ហើយរត់គេចយករួចខ្លួនដោយមិនទទួលខុសត្រូវ ៕