រាជធានីភ្នំពេញ ៖ មុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រោយពេលដែលក្រុមជននោះធ្វើសកម្មភាពភ្ជង់គំរាមយកម៉ូតូជនរងគ្រោះ កាលពីវេលារំលងអធ្រាត្រមិនបានសម្រេច ដោយការប្រតាយប្រតប់ជាមួយម្ចាស់ម៉ូតូ ហើយបានបើកម៉ូតូគេចខ្លួន ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ ឋិតនៅបន្ទប់ជួលផ្ទះលេខ៦១៧F ឋិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ សុខ ពាង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទួលសង្កែ និងឈ្មោះ វ៉ា គឹមអៀង ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ មានស្រុកកំណើតខេត្តកំពង់ចាម ។
ប្រភពដដែលបានបន្តទៀតថា ករណីប្លន់ប្រដាប់អាវុធយកម៉ូតូមិនបាសម្រេច ហើយឈានដល់ការឃាត់ខ្លួនជន សង្ស័យទាំង២នាក់នេះ ជនល្មើសបានធ្វើសកម្មភាពនៅលើបណ្តោយផ្លូវជាតិលេខ៥ កែងផ្លូវ លេខ៥៩៨ នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។ ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿង ជារបស់ ជនសង្ស័យជិះធ្វើសកម្មភាព ១គ្រឿងម៉ាកស្គូពី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ1BV-9979 រួមជាមួយនឹងអាវុធខ្លីមួយដើមផងដែរ ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសម្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕