លោក ស្បោង សា​រ៉ា​ត បិទ​ភ្នែក​ឲ្យ​​លោ​ក​ ​សុ​ង​ ប្រើ​​​ឡា​ន​​​រា​ប់​រ​យ​​គ្រឿ​ង​​​​ចា​ក់​ដី​​​រំលោ​ភ​​យក​ឆ្នេរសមុទ្រ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន យ៉ាង​សុខ​ស្រួល​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ មន្ត្រី​ជំនាញ​គ្រប់​ជាន់ថ្នាក់ រាប់ទាំង​អភិបាល ខេត្ត​ព្រះសីហនុ ផងដែរ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ចំពោះ​សកម្មភាព​ដែល​លោក សុង ជា​អនុប្រធាន​សន្តិសុខ រោងចក្រ​ប្រេងកាត ដែល​បាន​ចាក់គ្រឹះ​ធ្វើ​របង ចាក់ដី​លយ​ចូលក្នុង​ផ្ទៃសមុទ្រ ជម្រៅ​ជាង ៥០​ម៉ែត្រ នៅ​ចំណុច​ភូមិ​អូរត្រេះ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ គឺជា​អំពើ​បំពាន​ច្បាប់​ដោយ​ចំហ  គ្មាន​នរណា​អើពើ​ទប់ស្កាត់​នោះទេ មិនដឹង​ជា​លោក សុង រត់ការ​បង់លុយ ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ អស់​ប៉ុន្មាន​ទេ ទើប​មាន​សិទ្ធិអំណាច​ធ្វើ​អ្វីៗ តាមតែ​ទំនើងចិត្ត ថែមទាំង​យកឈ្មោះ អ្នកមានអំណាច មក​បិទមុខ​ផងដែរ​។​

 

​ដី​ឆ្នេរសមុទ្រ​ដែល​លោក សុង កំពុង​ធ្វើ​សកម្មភាព ចាក់ដី​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ខុសច្បាប់​នោះ មាន​ទំហំ ៣៧​ម៉ែត្រ លយ​ចូលក្នុង ផ្ទៃសមុទ្រ​ជាង ៥០​ម៉ែត្រ  តាមរយៈ​ការរៀប​របង ជា​ជញ្ជាំង​កម្ពស់ ៤​ម៉ែត្រ ប្រើប្រាស់​រថយន្ត​ធំៗ ដឹក​ដីក្រហម និង​ថ្ម​គ្រប់​ប្រភេទ​យកទៅ ចាក់​បំ​ពេ​ញ​​ដី​នោះ រាប់រយ​គ្រឿងក្នុង​មួយថ្ងៃៗ​។ សកម្មភាព​ចាក់ដី​រំលោភ​យក​ឆ្នេរសមុទ្រ មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន មន្ត្រី​ជំនាញ​បាន​ឆ្លើយ​ដាក់គ្នា ដោយ​ខាង​អភិបាលស្រុក​ស្ទឹងហាវ បាន​ទម្លាក់​ការទទួលខុសត្រូវ លើ​ជំនាញ​ជលផល សូម្បីតែ​មន្ត្រី​ជំនាញ​ផ្នែក​សុរិយោដី និង​សំណង់ របស់លោក សូ សុខ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ហ៊ាន​ហើបមាត់​នោះទេ ហើយ​ទុក​ឱកាស​ឲ្យ​លោក សុង ចាក់​បំពេញ​ដី​ឆ្នេរសមុទ្រ យ៉ាង​សុខ​ស្រួល​បំផុត​។​

 

​មានការ​រំលឹកថា អំឡុងពេល​ប្រកាស​តែងតាំង អនុប្រធាន​ជលផល​ឈូង​សមុទ្រ កាលពី​ខែមករា កន្លងទៅនេះ លោក ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជល បាន​ព្រមាន​ថា ករណី​ចាក់ដី​រំលោភ​យក​ឆ្នេរសមុទ្រ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ឬ​ការបំពាន​យក​ដី ព្រៃ​លិច​ទឹក​យកទៅ​ធ្វើជា​កម្មសិទ្ធិ កំពុង​រៀ​ប​ចំ​​ឯកសារ ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ដកហូតយក​ដី​ឆ្នេរ និង​ដីព្រៃ​លិច​ទឹក ទាំងនោះ មក​ធ្វើជា​ទ្រព្យសម្បត្តិ សាធារណៈ​វិញ ហើយ​ថែ​ម​ទាំ​ង​​ចា​ត់វិធានការ ប្តឹងទៅ​តុលាការ ចំពោះ​ជនល្មើស ដែល​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក ឬ​ដី​ឆ្នេរសមុទ្រ យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ផងដែរ ដូច្នេះ​គេ​កំពុង​តាមដាន មើល​សកម្មភាព​របស់​លោក សុង ថា​តើ​នឹងត្រូវ​សមត្ថកិច្ច​ពាក់ព័ន្ធ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ តាម​ការលើកឡើង រប​ស់​លោ​ក ណៅ ធួ​ក ឬក៏​អត់​។​

 

​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា សកម្មភាព​ដែល​លោក សុង រំលោភបំពាន​យក​ដី​ឆ្នេរសមុទ្រ ធ្វើជា​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន ក្នុង​ជម្រៅ​ជាង ៥០​ម៉ែត្រ​នោះ មិនមែន​ធ្វើឡើង ក្នុង​រយៈពេល​តែ ១​ម៉ោង​ឬ​២ ម៉ោង​នោះទេ ពោលគឺ​លោក សុង បានដាក់​កម្មករ ឲ្យ​ចាក់​បេតុង​តម្រៀប​លូ ធ្វើជា​ជញ្ជាំង​ទប់​ដី កម្ពស់​ដល់​ទៅ ៤​ម៉ែត្រ ប្រើ​រយៈពេល​ជិត ១​សប្តាហ៍ ហើយ​រថយន្ត​ដឹកជញ្ជូន​ដី មួយថ្ងៃៗ​រាប់រយ​គ្រឿង សឹង​ងងឹត​មេឃ បើកបរ​បំផ្លាញ​ផ្លូវ ក្នុង​ប្រជុំជន​ស្រុក​ស្ទឹងហាវ ។ ករណី​ដែល​លោក សុង ចាក់ដី​រំលោភ​យក​ឆ្នេរសមុទ្រ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ផ្អើល​ទូទាំង​ខេត្ត​ព្រះសីហនុ លោក ស្បោង សា​រ៉ា​ត មិន​ហ៊ាន​ហើបមាត់ ហើយ​ជំនាញ​សុរិយោដី​របស់លោក សូ សុខ ក៏​បិទ​ភ្នែក​ធ្វើ​មិនឃើញ ពី​អំពើ​ល្មើសច្បាប់​ទាំងនេះ​។​

 

​គេ​ចង់ឃើញ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​លោក ស្បោង សា​រ៉ា​ត អញ្ជើញ​ធ្វើដំណើរ ទៅពិនិត្យ​សកម្មភាព ដែល​លោក សុង ប្រើប្រាស់​គ្រឿងចក្រ និង​កម្មករ​ជាច្រើន​នាក់ ក្នុងការ​កសាង​របង និង​ចាក់​បំពេញ​ដី​ឆ្នេរសមុទ្រ យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន រួមទាំង​សំណង់​រឹងមាំ​ជាច្រើន​ទៀត ដែល​បាន​រំលោភ យក​ដី​ឆ្នេរសមុទ្រ ទៅ​សាងសង់​សំណង់​ទាំងនោះ ដោយ​អនាធិបតេយ្យ ចាប់ពី​តំបន់​ទំនប់រលក​។ អាជ្ញាធរ​និង​មន្ត្រី​ជំនាញ ហាក់ដូចជា​មើលមិនឃើញ ពី​ភាពអនាធិបតេយ្យ ដែល​ក្រុម​អ្នកមាន​លុយ​មានអំណាច កសាង​សំណង់​រឹងមាំ និង​រំលោភ​យក​ដី​ឆ្នេរសមុទ្រ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ ក្រីក្រ​ទន់ខ្សោយ​វិញ គ្រាន់តែ​ជួសជុលផ្ទះ ឬ​ធ្វើ​របង​បន្តិចបន្តួច ត្រូវ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច ចុះទៅ​ហាមឃាត់ និង​កោសរូស​ទារលុយ តាមតែ​អំពើ​ចិត្ត​៕

21-2-2014_sbang

 

Leave a Reply

(*) Required, Your email will not be published