រាជធានីភ្នំពេញ ៖ តារាចម្រៀងដែលទើបហក់ចូលផលិតកម្មរស្មីហង្សមាស បន្ទាប់ពីសម្ងំច្រៀងអស់ជាច្រើនឆ្នាំឱ្យផលិតកម្មរ៉ុក នាងសួស វីហ្សា តាំងពីឡើងកូដច្រៀងឱ្យផលិតកម្មរស្មីហង្សមាសមកសង្កេតឃើញថា ទីផ្សារចម្រៀងរបស់តារាចម្រៀងរូបនេះហាក់មានការគាំទ្រខ្លាំងតែម្តង ដោយសារតែនាងមានទឹកដមសំឡេងច្រៀងពីរោះ និងធ្ងន់ល្អកម្ររក ។ សួស វីហ្សា ដែលមានឈ្មោះពិតថា សួស ស្រីថុល ពួកគេសុទ្ធតែនិយាយថា នាងជាតារាចម្រៀងដែលមានសំឡេងច្រៀងយ៉ាងពីរោះរណ្តំចិត្ត ហើយកន្លងមកនាងធ្លាប់បានច្រៀងបទមនោសញ្ចេតនាឱ្យផលិតកម្មហង្សមាស គឺពិតជាត្រូវនឹងសំឡេងនាងណាស់ ស្តាប់ទៅជក់អារម្មណ៍បូកទាំងការបញ្ចេញកាយវិការយ៉ាងស៊ីសង្វាក់ទៀតនោះ។
តារាចម្រៀងសាច់សខ្ចីរូបសម្រស់ស្រស់ស្អាតបានបង្ហើបប្រាប់ថា តាំងពីនាងចូលច្រៀងប្រចាំផលិតកម្មរស្មីហង្សមាសមក នាងពិតជាទទួលបានការគាំទ្រពីសំណាក់មជ្ឈដ្ឋានមហាជនគ្រប់ទិសទី នៅពេលដែលបទចម្រៀងរបស់នាងចេញលក់ម្តងៗ។ នាងពិតជារីករាយបំផុតនៅពេលដែលផលិតកម្មរស្មីហង្សមាសសម្លឹងឃើញ ទេព្យកោសល្យរបស់នាង រហូតអាចចូលច្រៀងបានដូចបងៗអ្នកចម្រៀងនៅទីនោះដែរ ។
តារាចម្រៀងដែលមានប្រវត្តិធ្លាប់ហាត់សម្តែងជាសិស្សសាលាប្រចាំ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរូបនេះបន្តទៀតថា ដើម្បីចែករំលែកពីភាពតស៊ូ កាលពីនាងចូលសិល្បៈដំបូងនោះ គឺនាងធ្លាប់ជាសិស្សរៀននៅសាលាវិចិត្រសិល្បៈ បន្ទាប់មកក៏ផ្លាស់ទៅធ្វើការជាអ្នកសិល្បៈប្រចាំរាជធានីភ្នំពេញបានជាច្រើនខែ ហើយមានទម្រង់សិល្បៈជាច្រើនឱ្យតែបែបបុរាណៗមិនថាតែការច្រៀងយីកេ បាសាក់ នោះទេគឺនាងអាចធ្វើបាន។ ជាមួយនេះក៏ធ្លាប់រួមសម្តែងជាមួយបងៗជំនាន់មុនជាប្រចាំដែរ មុនឆ្លងដល់ក្លាយជាអ្នកចម្រៀងបែបសម័យយុវវ័យនេះ។ អតីតសិល្បការិនីក្នុងក្រុមសម្តែងប្រចាំរាជធានីភ្នំពេញរូបនេះបន្តថា កាលពីនាងប្រឡងចម្រៀងនៅផលិតកម្មរ៉ុក គឺឆ្លងកាត់ការប្រកួតមិនតិចវគ្គទេ ទម្រាំបានជាប់ពីមួយវគ្គទៅមួយវគ្គនោះ ៕