ខេត្ដពោធិ៍សាត់ ៖ ជនសង្ស័យជាខ្មែរអ៊ីស្លាមល្មោភកាមម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមដីការបស់សាលាដំបូងខេត្ដពោធិ៍សាត់ ដោយចោទពីបទរំលោភសេពសន្ថវៈលើអានីតិជនក្រោមអាយុ១៥ ឆ្នាំ ។ ការចុះឃាត់ខ្លួនជនល្មោភកាមនេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចផ្ទះជនសង្ស័យ ក្នុងភូមិក្រោលក្របី ឃុំ ត្រពាំងជង ស្រុកបាកាន ខេត្ដពោធិ៍សាត់ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ទើ ស្រឺស ភេទប្រុស អាយុ៣៣ឆ្នាំ ជាខ្មែរអ៊ីស្លាម តាមដីកាលេខ១៩៤អយ០១៣ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ បញ្ជាឱ្យចូលខ្លួន ដោយចោទពីបទរំលោភសេពសន្ថវៈលើអនីតិជនក្រោមអាយុ១៥ឆ្នាំខណៈដែលឪពុកម្ដាយក្មេងស្រីរងគ្រោះមិននៅផ្ទះ ។ ក្មេងស្រីរងគ្រោះ អាយុ៩ឆ្នាំ ជាខ្មែរអ៊ីស្លាម រស់នៅក្បែរផ្ទះជនសង្ស័យ ។ ដោយសារកុមារីរងគ្រោះធ្លាក់ឈាមកាន់តែច្រើនឡើង ទើបម្ដាយឪពុកមានការសង្ស័យក៏យកទៅពិនិត្យនៅមន្ទីរពេទ្យទើបគ្រូពេទ្យអះអាងថា កុមារីនេះ ត្រូវបានគេរំលោភហើយក៏បែកធ្លាយរឿងនេះតែម្ដង ។
ជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ដពោធិ៍សាត់ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕