រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកបន្តបន្ទាប់រវាងម៉ូតូ និងកង់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៤ ស្ថិតនៅ តាមបណ្តោយផ្លូវព្រះនរោត្តម នៅមុខបុរីចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនមួយក្រុមនេះ បើកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BK-9782មានគ្នា៣នាក់ ក្នុងទិសដៅពីត្បូងទៅជើងពោល គឺបើកចុះពីស្ពានអាកាសក្បាលថ្នល់ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ ចំណុចកើតហេតុបានជ្រុលទៅបុកកង់ជិះដោយនារីម្នាក់ពេញមួយទំហឹងបណ្តាលនារីរងគ្រោះ ផ្លោងទៅបុកនឹងម៉ូតូ មួយគ្រឿងទៀត ម៉ាក គុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 1I-0570 ដែលបណ្តាលឲ្យរងរបួសមនុស្សចំនួន៥នាក់ ក្នុងនោះ២នាក់រងរបួសធ្ងន់។
ប្រភពដដែលបានបន្តទៀតថា ជនបង្កមានឈ្មោះ ហេង វុទ្ឋី អាយុ ២៦ឆ្នាំ រងរបួសធ្ងន់ និងអ្នកជិះពីក្រោយ ២នាក់ រងរបួស ស្រាល ហើយពួកគេទាំងនេះ ស្នាក់នៅសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ចំណែកនារីរងគ្រោះដែលជិះកង់ឈ្មោះ ចែម សូនីតា អាយុ ២២ឆ្នាំ លក់ដូរ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យរងរបួសធ្ងន់ ។ ដោយឡែក នារីរងគ្រោះម្នាក់ទៀត ឈ្មោះ កូវ ពៅ អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៤១ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បើកម៉ូតូម៉ាក គុបជ្រុង រងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ និងយកម៉ូតូជនបង្ក ម៉ូតូជនរងគ្រោះ និងកង់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយជាក្រោយ៕