រាជធានីភ្នំពេញ ៖ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៩ កុម្ភៈ ២០១៤ នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានយាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាព ។
ក្នុងវត្តមានជូនព្រះរាជដំណើរដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិការដ្ឋសភា រាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ។ បើយោងតាមព្រះរាជសារព្រះមហាក្សត្រ កម្ពុជាចុះថ្ងៃទី១៨ កុម្ភៈ ២០១៤ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នឹងទទួលជាប្រមុខរដ្ឋស្តីទី ។
គួរបញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជា នរោត្តមសីហមុនី ព្រះអង្គតែងតែយាងទៅពិនិត្យនិងព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំង នូវរៀងរាល់៦ខែម្តង តាមវេជ្ជបញ្ជារបស់ក្រុមវេជ្ជបណ្ឌិតដ៏ចំណានៗរបស់ចិន ៕