ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាលួចទ្រព្យសម្បត្តិ និងគាស់ផ្ទះប្រជាពលរដ្ឋដ៏សកម្មត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីជនទាំងនេះបានធ្វើសកម្មភាពឆក់កាបូបលុយជនរងគ្រោះកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចក្រោយវត្តបាលិល្យេ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រ៉ាន់ សំរឹទ្ធ ហៅអាខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ យ៉ម ប៊ុនធឿន ហៅអាខួច ភេទប្រុស អាយុ១៨ឆ្នាំ ជនសង្ស័យទាំង០២នាក់ រស់នៅភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមុខសញ្ញាចាស់ធ្លាប់ជាប់គុក២លើករួចមកហើយ ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ា ស្រីពៅ ក្នុងការបូបនោះមានលុយចំនួន២៣០០០ បាត ទូរសព្ទ័អាយហ្វូន5s មួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕