រាជធានីភ្នំពេញ ៖ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានមានព្រះសវនីយ៍ថាៈ ដោយមានកិច្ចសហប្រតិបត្តិការយូរអង្វែង និងធ្លាប់បានផ្សាភ្ជាប់នូវទំនាក់ទំនងជាប្រពៃណីតាំងតែពីដើមរៀងមក ប្រទេសជប៉ុនបានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបញ្ជូន អ្នកវិនិយោគ (វិស័យឯកជន) មកបណ្តាក់ទុនរកស៊ី នៅក្នុងប្រទេសកម្ពុជាឲ្យបានច្រើន ដើម្បីប្រែក្លាយទំនាក់ទំនងប្រពៃណីឲ្យទៅជាការពង្រីកយុទ្ធសាស្ត្រលើផ្នែកសេដ្ឋកិច្ច ព្រោះថាកន្លងមកជប៉ុនបានប្រតិបត្តិការលើផ្នែកជំនួយ និង ធ្វើជាដៃគូរដោយផ្ទាល់លើកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនិងរាជរដ្ឋាភិបាលតែវិស័យឯកជនហាក់នៅអល់អែក។
បន្ទាប់ពីយាងនិវត្តន៍មកពីបំពេញទស្សនកិច្ចព្រះរាជាណាចក្រជប៉ុន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃអាទិត្យទី១៦ខែកុម្ភៈឆ្នាំ២០១៤នេះ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានសវនីយ៍ប្រាប់ក្រុមអ្នកសារព័ត៌មានថាជប៉ុនបានផ្តើមចាប់អារម្មណ៍ខ្លាំងទៅលើការវិនិយោគ ដោយបានសន្យាថានឹងជម្រុញវិស័យឯកជន ដោយបញ្ជូនធុរជនជប៉ុនឲ្យមកវិនិយោគឲ្យបាន ច្រើននៅក្នុងប្រទេសកម្ពុជា។ ហើយជប៉ុនក៏នឹងពង្រីកចំណងមេត្រីភាពដែលមានស្រាប់ ឲ្យ ក្លាយទៅជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានោះឯកឧត្តម កែវ ពុទ្ធរស្មី ឧត្តមទីប្រឹក្សាគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានមានប្រសាសន៍ ថា ក្រៅពីចាប់អារម្មណ៍លើការវិនិយោគ រាជរដ្ឋាភិបាលជប៉ុនក៏បានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការកែទម្រង់ស៊ីជម្រៅលើប្រព័ន្ធបោះឆ្នោតរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥នៃរដ្ឋសភានេះ ដោយជប៉ុនបានត្រៀមលក្ខណៈបញ្ជូនក្រុមអ្នកបច្ចេកទេសមកជួយលើការកែទម្រង់នេះឲ្យមានប្រសិទ្ធភាព ។ មួយវិញទៀតប្រទេសជប៉ុនក៏ត្រៀមធ្វើការសម្របសម្រួលរវាងគណបក្សទាំងពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ពិសេសជម្រុញដល់គណបក្សសង្គ្រោះជាតិឲ្យចូលរួមក្នុងរដ្ឋសភា ចាប់ដៃគ្នាធ្វើការដោះស្រាយបញ្ហាជាប់គាំងនយោបាយឲ្យបានឆាប់ ដើម្បីអនុវត្តយុទ្ធសាស្ត្រជម្រុញវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។ ឯកឧត្តម កែវ ពុទ្ធរស្មី បានបន្តទៀតថា ប្រទេសជប៉ុនក៏នឹងគ្រោងបើកឲ្យមានជើងហោះហើរដោយត្រង់ពីទីក្រុងតូក្យូ មកកាន់ខេត្តសៀមរាប អង្គរ ដើម្បីជម្រុញឲ្យវិស័យទេសចរណ៍រវាងប្រទេសទាំងពីរអោយកាន់តែមានកំណើនប្រសើរឡើងចាប់ពីពេលនេះតទៅ។
ឯកឧត្តមបានបញ្ជាក់ថា ក្រៅពីជំនួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ក៏បានចូលបង្គំគាល់ និងធ្វើព្រះសវនាការជាមួយព្រះអង្គម្ចាស់ អាគីស៊ីណូ ព្រះរាជបុត្រាព្រះចៅអធិរាជជប៉ុន និងមហេសី ព្រមទាំងរាជវង្សានុវង្សជាច្រើនអង្គទៀត ដើម្បីបង្កើនទំនាក់ទំនងចំណងមេត្រីភាពរវាងរាជវង្សនៃប្រទេសទាំងពីរ ពិសេសព្រះអង្គម្ចាស់អាគីស៊ីណូបានរំលឹកពីគុណសម្បត្តិដ៏ថ្លៃថ្លារបស់ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវិរក្សត្រ(ព្រះបរមរតនកោដ្ឋ) ដែលមានចំពោះប្រជាពលរដ្ឋ និងប្រទេសជប៉ុនកន្លងមក៕