ខេត្តកណ្តាល ៖ សាកសពស្ត្រីចំណាស់វ័យជិត៥០ឆ្នាំម្នាក់ ត្រូវគេសម្លាប់ច្រកបាវ បានត្រូវអ្នកភូមិប្រទះឃើញនៅម៉ោង៧ព្រឹកថ្ងៃទី១៧ កុម្ភៈ ២០១៤ នៅចំណុចបឹងទទឹងថ្ងៃ ស្ថិតក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សាកសពស្ត្រីមិនស្គាល់អត្តសញ្ញាណនេះ ត្រូវឃាតករយកខ្សែគោចងដៃចងជើងដាក់ជាមួយនឹងកញ្ឆេច្រកចូលក្នុងបាវ រួចអូសទម្លាក់ចូលក្នុងទឹកស្រះ ស្ថិតក្នុងភូមិសាស្ត្រខាងលើ ។ សមត្ថកិច្ចជំនាញមិនទាន់សន្និដ្ឋានថាជាករណីប្លន់សម្លាប់ ឬ គំនុំអ្វីនោះនៅឡើយទេ ដោយកំពុងធ្វើកោសល្យវិច័យ ដើម្បីឈានទៅស្រាវជ្រាវចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕