រាជធានីភ្នំពេញ ៖ ជនសង្ស័យចែកចាយគ្រឿងញៀន៤នាក់ ក្នុងនោះជនជាតិនីហ្សេរីយ៉ា ២នាក់ ហ្វ៊ីលីពីនម្នាក់ និងខ្មែរម្នាក់ ត្រូវកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៦ កុម្ភៈ ២០១៤ ពាក់ព័ន្ធករណីដឹកគ្រឿងញៀនជាង២គីឡូក្រាម ឆ្លងដែនចូលមកកម្ពុជា ។
ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះ Micheal Sunshines ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិនីហ្សេរីយ៉ា, ២-ឈ្មោះ Emmanuel Thankgod អាយុ៣៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា, ៣-ឈ្មោះម៉េង ស៊ីនួន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣៧៨ ផ្លូវលេខ១៦៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និង៤-ឈ្មោះ Macoy Mavill Villamor អាយុ៤២ឆ្នាំ ជនជាតិហ្វ៊ីលីពីន ។
ប្រភពបន្តថា ស្ត្រីជាជនជាតិហ្វ៊ីលីពីន ដែលត្រូវចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានចេញដំណើរពីប្រទេសប្រេស៊ីល ទៅកាន់ប្រទេសសិង្ហបុរី និងបានបន្តមកកាន់ប្រទេសកម្ពុជា ។ ជនសង្ស័យរូបនេះសារភាពថា ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលកាន់វ៉ាលិសនោះឱ្យគេទេ ខ្លួនមិនបានដឹងថា នៅក្នុងវ៉ាលិសនោះមានអ្វីផង ហើយនៅពេលយកវ៉ាលិសនោះមកដល់ភ្នំពេញ ប្រទេសកម្ពុជា នាងត្រូវយកទៅប្រគល់ឱ្យជនជាតិនីហ្សេរីយ៉ា ដើម្បីជាថ្នូរបានប្រាក់មកវិញចំនួន២.៥០០ដុល្លារអាមេរិក ប៉ុន្តែមិនទាន់បានទទួលប្រាក់ផង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ។ ប្រភពបន្តទៀតថា បន្ទាប់ពីចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវចាប់ខ្លួនជនជាតិនីហ្សេរីយ៉ា២ នាក់ និងខ្មែរម្នាក់ទៀតនៅរាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវបានតំណាងអយ្យការកំពុងធ្វើការសាកសួរ ដើម្បីរកបន្ទុកចោទប្រកាន់ដាក់ជូនទៅខាងចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនពួកគេដាក់ពន្ធនាគារជាបណ្តោះអាសន្នរង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់ ៕