រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្តបែនដឹកដីបុក ហើយកិនបែកក្បាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចផ្លូវលំ ទល់មុខឡឥដ្ឋ ស្ថិតក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រងគ្រោះដែលស្លាប់នោះមានឈ្មោះ ឡូញ ឡុច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកនេសាទត្រី ស្នាក់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែករថយន្តបង្កជារថយន្តដឹកដី ម៉ាកហ៊ីណូ ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ3A-0432។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមអត់មានស្លាកលេខឌុបត្រីពីក្រោយ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុមានរថយន្តបង្កដែលបើកបរក្នុងទិសដៅច្រាសគ្នា បានបុកពេញមួយទំហឹង ហើយកិនបែកក្បាល ស្លាប់ភ្លាមៗ នៅក្នុងកន្លែងកើតហេតុ ។ ដោយឃើញសភាពបែបនេះអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែង និងយករថយន្តបង្ក ម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕