គុណភាពបរិមាណនៃជីវភាពផ្លូវភេទ បន្ទាប់ពីរៀបការត្រូវថយចុះជាលំដាប់ ទៅតាមពេលវេលា ។ ដូច្នេះតើមូលហេតុនេះបណ្តាលមកពីអ្វី ? ដោយសារខាងប្រុស ឬខាងស្រី ?
-ដោយសារទម្លាប់
នៅពេលយើងមានទម្លាប់យើងនឹងពិបាកក្នុងការផ្លាស់ប្តូរ ។ មនុស្សភាគច្រើនតែងមានការខ្មាសអៀនចំពោះការស្វែងយល់ពីបទពិសោធថ្មី ។ អ្នកខ្លះមានតម្រូវការផ្នែកផ្លូវភេទតិច ដោយសារតែពួកគេមិនចេះទាមទារច្រើន ប៉ុន្តែក៏មានគូស្វាមីភរិយាមួយចំនួនធំមានបំណងចង់បង្កើនការរួមភេទ ប៉ុន្តែពួកគេត្រូវជួបនឹងឧបសគ្គជាច្រើនដែលមូលហេតុអាចបណ្តាលមកពីខាងស្រី សុខភាព ការងារមមាញឹកជាដើម ។
-ដោយសារបុរស
បុរសភេទនៅពេលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅតែងជួបបញ្ហាចុះខ្សោយប្រដាប់ភេទ ។ ជាការជំនួសឱ្យការប្រើថ្នាំជំនួយបុរសគួរតែហាត់ប្រាណ ហូបចុកត្រឹមត្រូវ មិនគួរផឹកស្រា ឬជាតិអាល់កុលច្រើន គួរបោះបង់ថ្នាំជក់ ហើយប្រសិនបើកំពុងព្យាបាលជំងឺចូរទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលថា តើវាអាចមានផលប៉ះញល់ដល់មុខងារជីវសាស្ត្រដែរឬអត់ ។
បុរសដែលមានវ័យកណ្តាលក៏តែងត្រូវធ្វើការហួសកម្លាំង និងត្រូវរងសម្ពាធ ឬភាពតានតឹងអូសបន្លាយ ។ ចាប់ពីដំណាក់កាលនេះបុរសវ័យកណ្តាល នឹងទទួលដឹងអំពីការថយចុះនៃសុខភាពរបស់ខ្លួន និងកើតជំងឺមួយចំនួន ដូចជាទឹកនោមផ្អែម (បង្កផលប៉ះញល់ច្រើនដល់ការរួមភេទ) ។ ប្រតិកម្មផ្នែកផ្លូវភេទរបស់បុរសក៏នឹងត្រូវថយចុះទៅតាមពេលវេលាពួកគេត្រូវការសកម្មភាពបបោសអង្អែលជាក់ស្តែង និងត្រូវធ្វើឡើងក្នុងរយៈពេលយូរទើបអាចឡើងដល់ចំណុចកំពូល ។
-ដោយសារខាងស្រី
ករណីលែងលះគ្នាជាច្រើនមានមូលហេតុមកពីខាងស្រីស្ថិតក្នុងវ័យអស់រដូវ ។ ក្នុងអំឡុងពេលនេះចំណង់ផ្លូវភេទរបស់ស្ត្រីបានថយចុះគួរកត់សម្គាល់ ។ ទន្ទឹមនឹងនេះស្ត្រីក៏បាត់បង់ភាពជឿជាក់ ហើយបុរសក៏កាន់តែបាត់បង់ភាពស្រើបស្រាលមួយចំណែកធំដោយសារតែខាងស្រីឡើងទម្ងន់រាងកាយផ្លាស់ប្តូរទៅតាមពេលវេលា ។
ស្ត្រីតែងមានទម្លាប់អាក្រក់ដូចជា អង្គុយច្រើនមិនចូលចិត្តហាត់ប្រាណ និងមានស្ត្រីមួយចំនួនក៏ញៀនបារី ។ ស្ត្រីដែលឈានដល់វ័យកណ្តាលតែងចាប់ផ្តើមមានជំងឺច្រើនចំណែកការបរិភោគអាហារមានជាតិ ខ្លាញ់ច្រើនក៏ធ្វើឱ្យប៉ះញល់ដល់ការស្រូបយកជីវជាតិ និងមុខងារផ្លូវភេទ ។
ជាមួយនឹងពេលវេលាគូស្វាមីភរិយាសុទ្ធតែមានអារម្មណ៍ថា ភាគីម្ខាងទៀតលែងមានភាពទាក់ទាញដូចកាលពីមុន ។ ការមិនអើពើពីរបបអាហារ និងសកម្មភាពប្រចាំថ្ងៃគឺមានន័យថា ភាពស្អាតនៃរាងកាយត្រូវបាត់បង់ ។ ទំនាក់ទំនងនៃគូស្វាមីភរិយាជួបប្រទះបញ្ហាធំគឺអាចបណ្តាលមកពីភាពមិនអើពើចំពោះសុខភាពរបស់ខ្លួន ។
ការមានផ្ទៃពោះក៏ជាមូលហេតុធ្វើឱ្យជីវភាពផ្លូវភេទត្រូវធ្លាក់ចុះដែរ ។ ការមានផ្ទៃពោះក៏ស្មើនឹងការផ្លាស់ប្តូរតួនាទី និងការទទួលខុសត្រូវ ។ ចំណែកការផ្លាស់ប្តូររាងរៅជាកត្តាចម្បងដែលជួនកាលធ្វើឱ្យបុរសខកចិត្ត ។ ក្រៅពីនេះការផ្លាស់ប្តូរអ័រម៉ូនក៏មានផលប៉ះដល់ប្រតិកម្មផ្នែកផ្លូវភេទរបស់ស្ត្រី ។ ចំពោះគូស្វាមីភរិយាវ័យក្មេងការមានផ្ទៃពោះគឺជាប្រការដំបូងដែលមានឥទ្ធិពលមិនល្អដល់រឿងលើគ្រែ ។
-ភាពខុសគ្នារវាងអ្នកទាំងពីរ
បុរសភេទតែងគិតពីបញ្ហាផ្លូវភេទច្រើនជាងស្ត្រីរហូតដល់៥ទៅ៦ដងក្នុងមួយថ្ងៃ ។ ប្រការនេះបង្ហាញថា តម្រូវការផ្នែកផ្លូវភេទរបស់ពួកគេមានច្រើន ។ មូលហេតុនៃការមិនសមតាមបំណងគឺមកពីភាពខុសគ្នាអំពីចំណង់ចំណូលចិត្តម្នាក់ចូលចិត្តក្បាច់ប្លែកៗ តែម្នាក់ទៀតស្មោះត្រង់នឹងរបៀចាស់ ដែលប្រការទាំងនេះបណ្តាលមកពីវិធីសាស្ត្រ ទីកន្លែង បរិយាកាស ឬភាពញឹកញាប់ជាដើម ។ តម្រូវការផ្សេងគ្នាបែបនេះអាចនាំឱ្យមានសម្ពាធ ការខឹងសម្បា ៘
-កត្តាខាងក្រៅ
នៅពេលប្តី ឬប្រពន្ធមានទំនាក់ទំនងមនោសញ្ចេតនានៅខាងក្រៅភ្លាម នោះនៅក្នុងគំនិតរបស់អ្នកនឹងកើតមានអារម្មណ៍បាត់បង់ភាពជឿជាក់ដែលត្រូវបានបង្កើតឡើងដោយអ្នកតាំងពីដើមរៀងមក ។
អ្នកចិត្តវិទ្យាប្រាប់ថា បុរសហាក់ដូចជាមានការអធ្យាស្រ័យច្រើនចំពោះការមានស្នេហានៅខាងក្រៅ ព្រោះការមានស្រីស្នេហ៍នៅខាងក្រៅធ្វើឱ្យគុណភាពផ្លូវភេទបុរសកើនឡើង ។ ប៉ុន្តែក្រុមអ្នកចិត្តសាស្ត្រស្ត្រីបានយល់ឃើញថា ការមានក្រៅ គឺផ្ទុយទៅនឹងធម្មជាតិមនុស្ស ។ នៅពេលបុរសមិនខិតខំដើម្បីគ្រួសារពួកគេតែងទៅរកក្រៅដើម្បីទទួលបានសេចក្តីសុខ និងការធូរស្រាលថ្មីសម្រាប់ខ្លួន ។
-ភាពឯកោ
ស្ត្រីមួយចំនួនធំនៅពេលត្រូវសួរបានឆ្លើយថា អាពាហ៍ពិពាហ៍របស់ពួកគេពិតជាមិនបានល្អនោះទេ ។ ទំនាក់ទំនងប្តីប្រពន្ធដែលមានភាពទាក់ទាញ គឺនៅពេលអ្នកទាំងពីររស់នៅដោយមានការយកចិត្តទុកដាក់នឹងគ្នា ។ ចូរបង្កើតនូវភាពខុសប្លែកក្នុងជីវភាព និងក្នុងការឡើងគ្រែ ។ អាពាហ៍ពិពាហ៍ គឺជាព្រំដែនសុវត្ថិភាព និងស្និទ្ធស្នាលដើម្បីឱ្យអ្នកស្វែងរកបទពិសោធថ្មី ៕