កាហ្វេ​អាចជួយ​អ្នក​កើតរោគ​ថ្លើម​ប្រភេទ C បាន​មួយកម្រិត​

, , Leave a comment

​ការផឹក​កាហ្វេ​បី​បួន​ពែង​ជា​រៀងរាល់ថ្ងៃ ទំនងជា​អាច​ទប់ស្កាត់​ការវិវត្តន៍​ទៅរក​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺថ្លើម​ប្រភេទ C ។ នេះ​បើ​យោងតាម​ការរកឃើញរ​បស់​ការស្រាវជ្រាវ​ថ្មី​មួយ​។ អ្នកស្រាវជ្រាវ​ បាន​រកឃើញថា​ក្នុងចំណោម​អ្នកជំងឺ​៧៧៦​នាក់​ដែលមាន​ការខូចខាត​ខ្លើ​ម​ដោយសារ​ជំងឺថ្លើម​ប្រភេទ C អ្នក​ដែល​ផឹក​កាហ្វេ​យ៉ាងតិច​បី​ឬ​បួន​ពែង​ក្នុង​មួយថ្ងៃ​មាន​ការវិវត្ត​នៃ​មេរោគ​ថ្លើម​ប្រភេទ C ធ្លាក់ចុះ ៥៣ ភាគរយ​បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​មិន​ផឹក​កាហ្វេ​។ ទោះជា​ដូច្នេះ​ក្តី​ការស្រាវជ្រាវ​ដែល​គេ​បាន​បោះពុម្ពផ្សាយ​នៅក្នុង​ព្រឹ​ត្ត​ប​ត្រ​ព័ត៌មាន Hepatology នេះ​មិនបាន​បង្ហាញ​ទេ​ថា​កាហ្វេ​អាច​ការពារ​មិន​ឲ្យ​កើតរោគ​ថ្លើម​ប្រភេទ C​។​

Digital Image by Sean Locke Digital Planet Design www.digitalplanetdesign.com

​អ្នកដឹកនាំ​ការស្រាវជ្រាវ​បណ្ឌិត Neal D. Freeman ធ្វើការ​នៅ​វិទ្យាស្ថាន​មហារីក​ជាតិ​សហរដ្ឋអាមេរិក​បាន​ប្រាប់ Reuters Health តាមរយៈ​អ៊ីម៉េល​ថា “​បើទោះជា​លទ្ធផល​ទាំងនេះ​គួរ​ឲ្យ​ចាប់អារម្មណ៍​ក៍ដោយ​ក៏​ពួកយើង​ត្រូវការ​ស្រាវជ្រាវ​នៅ​ថ្ងៃ​អនាគត​ទៀត ដើម្បី​បញ្ជាក់​ពី​ការរកឃើញ​របស់​យើង​មុន​ផ្តល់​អនុសាសន៍​ឲ្យ​ផឹក​កាហ្វេ​ដើម្បី​កាត់បន្ថយ​ការខូចខាត​ថ្លើម​”​។​

 

បើទោះជា​យ៉ាងណា​ការរកឃើញ​នេះ​ស្របគ្នា​ជាមួយនឹង​ការស្រាវជ្រាវ​មុនៗ​ដែល​បង្ហាញថា អ្នក​ផឹក​កាហ្វេ​មាន​អត្រា​គ្រោះថ្នាក់​តិច​នៅក្នុង​ការកកើត​រោគ​ថ្លើម​ផ្សេងៗ ដែល​ក្នុងនោះ​រួមមាន​ជំងឺមហារីក​ថ្លើម​ផងដែរ ។ រោគ​ថ្លើម​ប្រភេទ​C គឺជា​មេរោគ​ដែល​តាម​ធម្មតា​ឆ្លងតាម​ឈាម ហើយ​ភាគច្រើន​ការឆ្លង​នោះ​កើត​ដោយ​ការប្រើប្រាស់​ម្ជុល ឬ​សឺ​រាំង​រួមគ្នា ។ មាន​ករណីខ្លះ​រោគ​ថ្លើម​ប្រភេទ C នេះ​អាច​ឆ្លងតាម​ការរួម​ភេទ និង​បន្ត​ពី​ម្តាយ​ទៅ​កូន​នៅក្នុង​អំឡុងពេល​ផ្តល់កំណើត​។​

 

មនុស្ស​មួយ​ភាគ​តូច រាងកាយ​អាច​សំអាត​នូវ​មេរោគ​ថ្លើម​ប្រភេទ C នោះ​ភ្លាម​បន្ទាប់ពី​ឆ្លង​ហើយ​ប៉ុន្តែ ៨៥ ភាគរយ​នៃ​ការឆ្លង​នឹង​បង្ក​ឲ្យ​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅក្នុង​រយៈពេល​យូរ​ជាហេតុ​បង្ក​ឲ្យ​ខូច​ថ្លើម​ដូចជា​ការ​រលាក​រ៉ាំរ៉ៃ​ធ្វើ​ឲ្យ​ជាលិកា​ថ្លើម​មាន​ស្នាម និង​ក្នុងករណីនេះ​នាំ​ឲ្យ​កើតជា​រោគ​មហារីក​ថ្លើម​តែម្តង​។ សម្រាប់​ការសិក្សា​នេះ​លោក​បណ្ឌិត Neal D. Freeman​និង​សហការី​របស់លោក​បាន​ធ្វើការ​តាមដាន​អ្នកជំងឺ ៧៦៦ នាក់​ដែលមាន​ស្នាម​លើ​ថ្លើម ដោយសារ​រោគ​ថ្លើម​ប្រភេទ C ។ អ្នកជំងឺ​ទាំងនេះ​ត្រូវបាន​គេ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​មេរោគ​ថ្លើម​ដូចជា peginterferon និង ribavirin ដែលជា​ថ្នាំ​គេ​ប្រើ​ទូទៅ​សម្រាប់​ព្យាបាល​រោគ​ថ្លើម​ប្រភេទ C រ៉ាំរ៉ៃ ប៉ុន្តែ​ថ្នាំ​ទាំងនោះ​មិនអាច​សម្អាត​មេរោគ​ចេញពី​ក្នុង​រាងកាយ​បានឡើយ ។ អស់​រយៈពេល​ជាង ៣ ឆ្នាំកន្លះ​អ្នកជំងឺ​បង្ហាញថា មានការ​វិវត្តន៍​នៃ​ជំងឺថ្លើម​នោះ​ដូចជា មានការ​កើនឡើង​ស្នាម​នៅលើ​ថ្លើម​មានការ​ខូចខាត​នៅលើ​ខួរក្បាល និង​ប្រព័ន្ធ​ប្រ​សៃ​ប្រសាទ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ជំងឺថ្លើម​របស់​ពួកគេ​។​

 drinking_coffee (2)

ក្រុម​របស់​បណ្ឌិត Neal D. Freeman បាន​រកឃើញថា​ការរីកលូតលាស់​នៃ​ការខូចខាត​ថ្លើម​មានការ​ធ្លាក់ចុះ​នៅពេលដែល​ការផឹក​កាហ្វេ របស់​អ្នកជំងឺ​មានការ​កើនឡើង ។ បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​មិន​ផឹក​កាហ្វេ​តាំងពី​តំណាក់កាល​ដំបូង អ្នកជំងឺ​ដែល​ផឹក​កាហ្វេ​ពីមួយ​ទៅ​បី​ពែង​រាល់ថ្ងៃ​មានការ​វិវត្តន៍​នៃ​ការខូចខាត​ថ្លើម​តិចជាង​មុន ៣០ ភាគរយ​។ ចំពោះ​អ្នក​ដែល​ផឹក​ចាប់ពី​បី​ពែ​វ​ឡើងទៅ​កំរិត​គ្រោះថ្នាក់​នៃ​ការវិវត្តន៍​ទាប​ជាង​មុន ៥៣ ភាគរយ ។ គេ​ក៏បាន​រកឃើញ​ផងដែរ​ថា មិនមាន​ទំនាក់ទំនង​រវាង​ការផឹក​តែ និង​ការវិវត្តន៍​នៃ​ជំងឺថ្លើម​ទេ​៕

 

Leave a Reply

(*) Required, Your email will not be published