កម្មវិធី​សែនព្រេន​របស់​ជនជាតិ​ទំ​ពូន​ប៉ូលីស​ចាប់វាយ​ប្រជាពលរដ្ឋ​

, , Leave a comment

​ខេត្តរតនគិរី ៖ ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​សេ​ដា ឈ្មោះ នី រង​ការចោទប្រកាន់ថា​បាន​ព្រួត​គ្នា​វាយដំ​លើ​រាងកាយ និង​ធ្វើ​ទារុណកម្ម​លើ​ប្រជាពលរដ្ឋ​ក្នុង ថ្ងៃ​សែនព្រេន​គូ​ស្វាមីភរិយា​ថ្មី​របស់​បងប្អូន​ជនជាតិ​ទំពួន កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១១ កុម្ភៈ​ស្ថិត​ក្នុងភូមិ​ប៉ា​ទាត់​ឃុំ​សេ​ដា​ស្រុក​លំផាត់ ។​ ​កម្មវិធី​សែនព្រេន​ក្លាយទៅជា​អំពើ​ហឹ​ង្សា​ដែល​បង្ករ​ឡើង​ដោយ​មន្ត្រី​ប៉ុ​ស្ទិ ឃុំ​សេ​ដា ស្រុក​លំផាត់​ខេត្ត​រតន​គី​រី​ទៅលើ​ប្រជាពលរដ្ឋ​ធ្វើអោយមាន​ការរិះគន់​នោះ​គឺ​កើតមាន នៅក្នុង​ភូមិ​ប៉ា​ទាត់​ឃុំ​សេ​ដា ស្រុក​លំផាត់ ។​

 

ម្ចាស់​កម្មវិធី​ឈ្មោះ ជឹម មឿង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​គ្រឹ​ង និយាយថា ខ្លួន​បានធ្វើ​កម្មវិធី​សែនព្រេន​ប្អូនស្រី​ជា​គូ​ស្វាមីភរិយា​ថ្មី​នេះ ដើម្បីឱ្យ​ចាស់ទុំ​ក្នុងភូមិ​ដឹងឮ ហើយ​មាន​អ្ន​ក​ភូ​មិ​​ចូលរួម​យ៉ាងច្រើន​កុះករ ។ ខណៈ​កំពុងតែ​ផឹកស៊ី​សប្បាយ ស្រាប់​តែមាន​មន្ត្រីនគរបាល​ប៉ុស្តិ៍​មក​ចាប់​អ្នកចូលរួម​ដាក់​ខ្នោះ ចំនួន​៣​នាក់ វាយ​ធ្វើបាប​នៅ​កន្លែង​កម្មវិធី​ទាល់តែ​អស់ចិត្ត ទើប​នាំទៅ​កាន់​ប៉ុស្តិ៍ ហើយ​មន្ត្រីនគរបាល​ខាងលើ មិន​ត្រូវបាន​ម្ចាស់​កម្មវិធី​អញ្ជើញ​ឱ្យចូល​រួម​ទេ ។​មន្ត្រី​ក្រុមប្រឹក្សាឃុំ​បានអោយដឹងថា បុរស​ទាំង​៣​នាក់​ដែល​មន្ត្រី​ប៉ូលីស​ទំនើង​ចាប់វាយ​ធ្វើ​
​បាប​នោះ​មានឈ្មោះ ១-​ឈ្មោះ ហ៊ីម ធឿន អាយុ​២០​ឆ្នាំ ២-​ឈ្មោះ ឌួង ដេ​ត អាយុ​២៨​ឆ្នាំ និង​៣-​ឈ្មោះ ណុប រី អាយុ​២៣​ឆ្នាំ ទាំងអស់គ្នា​មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ទឹក​ជុំ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង តែ​បានមក​រស់នៅ​ក្នុងភូមិ​ប៉ា​ទាត់ ដើម្បី​ប្រកបមុខរបរ​កសិកម្ម ។​តាម​សេចក្តីរាយការណ៍​បានអោយដឹងថា ទាក់ទិន​នឹង​ការចាប់​វាយដំ​ធ្វើ​ទារុណកម្ម​ពី​សំណាក់​មន្ត្រីនគរបាល មកលើ​ពួកគេ​នេះ ត្រូវបាន​ឈ្មោះ ណុប រី និយាយថា កាលពី​កន្លះ​ខែ​មុន មានកម្ម​វិធី​ឡើងផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ ហើយ​ខ្លួន​មានទំនាស់​ជាមួយ​មន្ត្រីនគរបាល​ឃុំ​សេ​ដា ពេលនោះ​មន្ត្រីនគរបាល​ដែលមាន​គ្នា​៣​ទៅ​៤​នាក់ បាន​ចាប់វាយ​ខ្លួន​រហូតដល់​សន្លប់​ម្តង​ហើយ ដោយសារ​រឿង​ផឹក​ស្រវឹង ។

 

លុះ​មកដល់​ថ្ងៃទី​១១ កុម្ភៈ មាន​កម្មវិធី​សែនព្រេន​គូ​ស្វាមីភរិយា​ថ្មី​របស់​បងប្អូន​ជនជាតិ​ទំពួន  ខ្លួន​ក៏​ទៅ​ចូលរួម និង​ឃើញ​មន្ត្រីនគរបាល​៣​ទៅ​៤​នាក់​នោះ ទៅ​ចូលរួម​ដែរ ។ ពេលនោះ​ខ្លួន​ក៏​ទៅ​សួរ​មន្ត្រីនគរបាល​ដែល​ធ្លាប់​វាយ​ធ្វើបាប​ខ្លួន​ថា  បង​ឯង​ទាំង​ប៉ុន្មាន​នាក់​ហ្នឹងហើយ​ដែល​ធ្លាប់​វាយ​ធ្វើបាប​ខ្ញុំ​កាលពី ពេលមុន តើ​ខ្ញុំ​ខុស​អ្វី ? គ្រាន់តែ​និយាយ​មិនទាន់​ចប់​ស្រួលបួល​ផង ស្រាប់តែ​មន្ត្រីនគរបាល​ទាំងនោះ ហក់​មក​វាយ ទាត់​ធាក់​ខ្លួន​ស្ទើរ​ស្លាប់ ស្ទើរ​រស់ ហើយ​បាន​ចាប់​ដាក់​ខ្នោះដៃ​ទៅក្រោយ ដឹក​តាម​ម៉ូតូ​បង្ហោះ​តាមផ្លូវ ធ្វើឱ្យ​ខ្លួន​ធ្លាក់​ពីលើ​ម៉ូតូ ៣​ទៅ​៤​ដង ទាំង​ដៃ​ជាប់​ខ្នោះ ។ ក្រោយមកទៀត ក៏​ចាប់ខ្លួន​ពួកគេ​២​នាក់​ថែមទៀត មក​ប៉ុស្តិ៍នគរបាល ។ ពេល​មន្ត្រីនគរបាល​ចាប់​មកដល់​ប៉ុស្តិ៍​ភ្លាម បានដាក់​ខ្នោះដៃ​ទៅក្រោយ ឯជើង​ដាក់​ច្រវាក់​ជាប់​នឹង​ជើង​តុ ហើយ​មន្ត្រីនគរបាល​៤​ទៅ​៥​នាក់ បាននាំគ្នា​វាយ ទាត់​ធាក់ ទះកំផ្លៀង និង​ជេរប្រមាថ​មួយ​យប់​ទល់​ភ្លឺ ព្រមទាំង​យក​ស្រា​បៀរ​មក​ស្រោច​លើ​ក្បាល​ទៀតផង លុះ​ពេល​អស់​ស្រា​បៀរ ក៏​ដងទឹក​ជះ​បន្ត ។ បុរស​ទាំង​៣​នាក់​បាន​ត្រូវ​មន្ត្រីនគរបាល​ឃុំ​បញ្ជា​ឱ្យ​ដោះអាវ ស្រាតខោ​នៅសល់តែ​ខោខ្លី ហើយ​ចំពេល​រដូវរងា​ផង ពួកគេ​រងា​ស្ទើរតែ​រឹង​ពោះ​ស្លាប់​ទៅហើយ ។ ក្រុម​ជនរងគ្រោះ​និយាយទៀតថា ពួកគេ​ទាំង​៣​នាក់ មិន​សុខចិត្ត​ទេ ដោយសារតែ​អ្នកអនុវត្ត​ច្បាប់​វាយ​ធ្វើបាប​ពួកគេ​តាម​អំពើ​ចិត្ត ទាំង​ពួកគេ​គ្មាន​ទោសកំហុស​អ្វី​សោះ ។ ពួកគេ​នឹងដាក់​ពាក្យបណ្តឹង​ទៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ទៅ​សាលាដំបូង​ខេត្តរតនគិរី ដើម្បី​រក​យុត្តិធម៌​ចំពោះ​រឿងរ៉ាវ​ទាំងនេះ​។

 

​ទាក់ទិន​នឹង​ព​ត័​មាន​ខាង​​លើ​សារ​ព័ត​មានកំណើត​ថ្មី មិនទាន់​អាចទាក់ទង​មន្ត្រីប៉ូលិស​ដែល​រង​ការ​ចោទ​នោះ​និង​ការបំភ្លឺ​​ពី​លោ​កមេ​ប៉ុស្តិ​ឃុំ​សេ​ដា​និង​លោក​អធិការនគរបាល ស្រុក​លំផាត់​ខេត្ត​រតន​គី​រី​នៅឡើយ​ទេ​៕

13-2-2014

​រូប​ធ្វើ​ត្រាប់​ឡើងវិញ​នៅ​ការិយាល័យ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​សេ​ដា​ពី​សកម្មភាព​ប៉ូលិស​វាយ​ធ្វើបាប​ប្រជាពលរដ្ឋ​

 

Leave a Reply

(*) Required, Your email will not be published