ប្រទេសម៉ាឡេស៊ី ៖ ប្រភពព័ត៌មានពីគេហទំព័រ បណ្តាញព័ត៌មានអូស្ត្រាលី បានរាយការណ៍មកថា អង្គការមិនមែនរដ្ឋាភិបាលមួយនឹងផ្តល់រង្វាន់ ៣៦០ ដុល្លារអាមេរិកដល់អ្នកទាំងឡាយណាដែលហ៊ានទះកំភ្លៀងសមាជិកសភា គណបក្សប្រឆាំងមួយរូបរបស់ប្រទេសម៉ាឡេស៊ី ដែលបានបង្ហោះតាម YouTube នូវវីឌីអូមួយទាក់ទងនឹងពិធីបុណ្យចូលឆ្នាំចិន ដែលបណ្តាលឲ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង។
អ្នកស្រី Teresa Kok ដែលជាអនុប្រធានថ្នាក់ជាតិរបស់គណបក្ស Democratic Action Party របស់ប្រទេសម៉ាឡេស៊ីបានរងបទចោទប្រកាន់ថា បានមើលស្រាលដល់ពលរដ្ឋម៉ាឡេ និងសាសនាអ៊ិស្លាម នៅក្នុងវីឌីអូដែលមានចំណងជើងថា 'Onederful Malaysia' របស់អ្នកស្រី។
ប៉ូលិស មូលដ្ឋាននិយាយថា បណ្តឹងប៉ូលិសប្រហែល ៣០០ ករណីបានដាក់ប្តឹងប្រឆាំងនឹងវីឌីអូនេះ ដែលបានប្រើវេទិការការជជែកកំសាន្តដើម្បីនិយាយសើចលេងដល់បញ្ហា ជាតិនានាក្នុងប្រទេសម៉ាឡេស៊ី។
អ្នកស្រី Kok និយាយថា វីឌីអូរបស់អ្នកស្រី គឺជាការវាយប្រហារតាមវិធីចំអក ដល់បញ្ហានានារបស់រដ្ឋាភិបាល។ លោកស្រីបន្ថែមថា បញ្ហាពូជសាសន៍នៅក្នុងវីឌីអូនោះ គឺត្រូវបានគណបក្សគ្របគ្រងរដ្ឋាភិបាលឈ្លេចចេញមកធ្វើជា បញ្ហាជាតិសាសន៍ដើម្បីកុំឲ្យពលរដ្ឋចាប់អារម្មណ៍ទៅលើខ្លឹមសារ សំខាន់របស់វីឌីអូតែប៉ុណ្ណោះ៕