រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និង២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្ត និងម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានគេស្គាល់ឈ្មោះហ៊ុយ សំអូន អាយុ២៤ឆ្នាំ បានជិះម៉ូតូម៉ាក ហុងដាសេ១១០ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BE-7714 ដោយឌុបនារី២នាក់ដែលមានឈ្មោះ ឈ្មោះ អោម យ៉ង់ ភេទស្រី អាយុ៣៥ឆ្នាំ រងរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះ អោម អម ភេទស្រី អាយុ២៥ឆ្នាំ អ្នកទាំង៣មានស្រុកកំណើតនៅភូមិ-ឃុំព្រៃកំប៉ុក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តឡិចមួយគ្រឿងម៉ាកឡិចស៊ីស៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2Q-0728 បានបើកសន្សឹមៗឆ្លងផ្លូវ ពេលនោះជនរងគ្រោះជិះម៉ូតូលឿនពេក ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងប ណ្តាលឲ្យជនរងគ្រោះដែលជាអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ និងនារីដែលជិះពីក្រោយទាំង២នាក់ម្នាក់រងរបួសស្រាល និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាពង៧០ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមផងដែរ ។ ចំណែកម្ចាស់រថយន្តឡិចស៊ីសឃើញសភាពការណ៍មិនស្រួលក៏ទុករថយន្ត ចោលរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដោយយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមច្បាប់ជាក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕