ខេត្តព្រះវិហារ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រូសារដឹកយកមកសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែក១៦មករា ខណៈដែលរថយន្តដឹករបស់កងកំលាំងវិស្វកម្ម បានបើកបុកយ៉ាងពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវភ្លោះវិមានឯករាជ្យ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកដី បិតស្លាកកងកម្លាំងវិស្វកម្មពណ៌ខៀវ ពាក់ស្លាកលេខក្រចេះ3A-0045 បានបើកបរក្នុងទិសដៅពីកើតទៅលិចបោះពួយយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៤ បណ្តាលឱ្យម៉ូតូជាប់ក្រោមរថយន្តអ្នករងគ្រោះខ្ទាតទៅលើចិញ្ចើមផ្លូវម្ខាង ។ ពេលឃើញហេតុការណ៍ដូចនេះជនបង្ករបានរត់គេចខ្លួនដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើអន្តរាគមន៍យករថយន្តបង្ករ និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយជាក្រោយ ។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រូសារដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ៕