ខេត្តកែប ៖ សេចក្តីរាយការណ៍បានអោយដឹងថាបច្ចុប្បន្ននេះ ភាពអនាធិបតេយ្យនៃការនេសាទលើដែនសមុទ្រខេត្តកែប មានប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ប្រមូលផលត្រីយ៉ាងអនាធិបតេយ្យបំផុត គេមិនដែលឃើញលោក ភឺន ផល្លា ជានាយផ្នែករដ្ឋបាលជលផល ប្រចាំខេត្តកែប ចាត់វិធានការចុះទៅបង្ក្រាបម្តងណាឡើយ ពោលគឺលោក ភឺន ផល្លា បានត្រឹមតែពង្រាយមន្ត្រីឲ្យជិះអូប័រ ក្រឡឹងក្បែរទូកនេសាទ ដើម្បីប្រមូលលុយយកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនដែលខ្វល់ខ្វាយអ្វីឡើយ ចង់វិនាសហិនហោចធនធានសមុទ្រ និងមានការចាប់ត្រីយ៉ាងអនាធិបតេយ្យបែបណាក៏ដោយ ឲ្យតែគាត់មានឱកាសអាចប្រមូលលុយយកទៅអភិវឌ្ឍន៍មុខតំណែង។
ប្រជាសហគមន៍នេសាទក៏បានលើកឡើងផងដែរថា ទូកប្រើឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះតែងតែធ្វើសកម្មភាពនៅតំបន់អង្កោល ព្រែកតានេន ក្នុងភូមិសាស្ត្រខេត្តកែប គេមិនដែលឃើញមុខមន្ត្រីជលផល ក្រោមការបញ្ជាផ្ទាល់របស់លោក ភឺន ផល្លា ចុះទៅបង្ក្រាបម្តងណាឡើយឃើញតែទៅប្រមូលលុយយ៉ាងប្រសេចប្រសាច។ មានការបញ្ជាក់ផងដែរថា ទូកដែលប្រើឧបករណ៍នេសាទល្មើសច្បាប់នៅចំណុចព្រែកតានេន មានចំនួន៤៧គ្រឿង ហើយត្រូវបង់លុយឲ្យលោក ភឺន ផល្លា ក្នុងមួយគ្រឿងៗចំនួន៤០ទៅ៦០ម៉ឺនរៀល ក្នុងមួយខែ ជាប្រភេទទូករបស់ក្រុមឈ្មួញ មានលុយទិញឧបករណ៍ល្មើសច្បាប់មកប្រើប្រាស់ ប៉ុន្តែសម្រាប់ពលរដ្ឋក្រីក្រដែលមានតែទូកតូចៗចេញទៅនេសាទតាមជាយសមុទ្រ ក៏រងនូវការគាបជំរិតឲ្យបង់លុយចាប់ពី១០ម៉ឺនទៅ២០ម៉ឺនរៀលផងដែរ។
សម្រាប់ទូកនេសាទជនជាតិយួនដែលចូលមកធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ត្រូវជាប់កាតព្វកិច្ចបង់លុយជូនសមត្ថកិច្ចពាក់ព័ន្ធប្រចាំការលើផ្ទៃសមុទ្រ ហើយគេមិនដែលរំលង ឬភ្លេចចូលបង់លុយឲ្យជំនាញជលផលក្រោមបញ្ជារបស់លោក ភឺន ផល្លា នោះទេ ព្រោះក្នុងតួនាទីជាមន្ត្រីជំនាញលោក ភឺន ផល្លា បានស្រង់ស្ថិតិ នៃទូកនេសាទរបស់ប្រជាពលរដ្ឋក្រុមឈ្មួញហើយជាទៀងទាត់ក៏មានទំនាក់ទំនងល្អជាមួយជនជាតិយួនដែលប្រើទូកអូសគូ ទូកឆក់ធំៗ មានគ្រែង២ជាន់ឬគ្រែង៣ជាន់ប្រើភ្លើងហ្វាភ្លឺដូចទីក្រុងនៅពេលយប់។ ទូកយួនចូលមកនេសាទក្នុងដែនសមុទ្រខេត្តកែបមួយក្រុមៗមាន ៥ទៅ១០គ្រឿងដែលទូកទាំងនេះជាប់កាតព្វកិច្ចបង់លុយប្រចាំខែជូនលោក ភឺន ផល្លា និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតទើបអាចចូលមកនេសាទយ៉ាងអនាធិបតេយ្យលើដែនសមុទ្រខ្មែរគ្មាននរណាហ៊ានហើបមាត់ ទាល់តែសោះហើយបើគិតពីប្រាក់ចំណូលវិញ មិនដឹងជាមួយខែៗជំនាញជលផលរបស់ ភឺន ផល្លា ប្រមូលបានប៉ុន្មាននោះទេ តាមរយៈការបិទភ្នែកបិទត្រចៀកឲ្យមានការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់។
គេមិនច្បាស់ទេថា តើប្រាក់ចំណូលដែលលោក ភឺន ផល្លា ប្រមូលបានក្នុងតួនាទីជានាយផ្នែកជលផលគ្រប់គ្រងតំបន់សមុទ្រខេត្តកែប មានបែងចែកទៅថ្នាក់ណាខ្លះទេ ទើបអ្វីៗអាចដំណើរការដោយរលូនល្អ ហើយប្រជានេសាទក្រីក្រកំពុងប្រឈមនឹងការបាត់បង់អាជីពប្រចាំថ្ងៃដោយសារតែការនេសាទល្មើសច្បាប់ទាំងនោះ បានបំផ្លាញធនធានមច្ឆជាតិ វិនាសហិនហោចខ្ទេចខ្ទីរកកន្លែងបន្តពូជគ្មានទេ។ ឆ្នេរសមុទ្រខេត្តកំពត ជាតំបន់សម្បូរភោគផលធនធានធម្មជាតិ សព្វបែបយ៉ាង ប៉ុន្តែពេលនេះត្រូវបានបំផ្លិចបំផ្លាញដោយទូកអូសគូ និងទូកប្រើខ្សែភ្លើងឆក់ កុំថាឡើយក្តាម បង្គា សូម្បីតែឈ្លើងសមុទ្រក៏ងាប់ខ្ទេចខ្ទីពេលទូកទាំងនោះអូសទៅដល់ទីណា មច្ឆជាតិងាប់អណ្តែតពេញផ្ទៃទឹក ប៉ុន្តែលោក ភឺន ផល្លា មិនដែលឈឺក្បាលវិលមុខនោះទេ ហើយគិតតែរឿងម្យ៉ាងគត់គឺប្រមូលលុយច្រកហោប៉ៅទុកសម្រាប់អភិវឌ្ឍន៍មុខតំណែង៕