ខេត្តកណ្តាល ៖ វប្បធម៌ឪពុកសក្តិមួយ កូន-ប្រពន្ធសក្តិពីរ ជាប្រពៃណីនៃក្រុមមនុស្សមួយក្រុមដែលអាវស្បែក អាងបុណ្យសក្តិ ។ ជាក់ស្តែងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៤នៅលើផ្លូវជាតិលេខ២១B ចំណុចមុខវត្តកណ្តាល ស្ថិតក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បុរសម្នាក់ដែលអះអាងថា ជាកូនឧត្តមសេនីយ៍បានបុកម៉ូតូនិស្សិតស្រី២នាក់បណ្តាលឱ្យដួលរងរបួសស្រាល ហើយបើកគេច ដោយភាពគ្មានការទទួលខុសត្រូវ ។
បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកអាងខ្លួនជាកូនឧត្តមសេនីយ៍បានបើករថយន្តមួយគ្រឿងម៉ាកហាយឡិនឌ័រ ពាក់ស្លាកលេខភ្នំពេញ2Y-5545 ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយហេតុការណ៍បង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីសារធាតុស្រវឹង ។ បន្ទាប់ពីឈ្លោះប្រកែកគ្នាមួយប្រាវហើយ នគរបាលបានព្យាយាមហៅបុរសរូបនោះមកដោះស្រាយគ្នានៅប៉ុស្តិ៍ ពេលមកដល់គេបានបញ្ចេញចរិតមើលងាយ និងជេរប្រមាថនគរបាលដោយអាងខ្លួនជាកូនឧត្តមសេនីយ៍ ពេលនគរបាលឃាត់ឱ្យឈប់បានជេរប្រមាថ និងក្របួចក.អាវនគរបាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា អ្នកបើករថយន្តរូបនេះមិនបានប្រាប់ឈ្មោះរបស់គេទេ ។ នគរបាលបានវាស់ជាតិអាល់កុលលើបុរសទំនើងរូបនេះឃើញថាមានជាតិអាល់ កុលកម្រិត៤០ បើតាមច្បាប់គឺអាចឃុំខ្លួនបាន ប៉ុន្តែដោយសារមានការអន្តរាគមន៍ពីឪពុកចូលមកដោះស្រាយសម្របសម្រួល ជាមួយជនរងគ្រោះ និងសុំទោសមន្ត្រីនគរបាលដែលត្រូវកូនទំនើងជេរប្រមាថ ទើបនគរបាលដោះលែងវិញដើម្បីបញ្ចប់រឿង៕