ផ្ទះ​លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធាខេត្តមណ្ឌលគិរី សមត្ថកិច្ច​ចម្រុះ​ឡោមព័ទ្ធ​ឆែកឆេរ ដោយ​សង្ស័យ​ពី​ករណី លួចលាក់​ឈើ​ខុសច្បាប់​

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ ​មាន​សេចក្តីរាយការណ៍គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយដែល​លេច​ធ្លាយ​ចេញពី មន្ត្រី​​ធំៗ​មួយចំនួន​បានអោយដឹងថា កម្លាំងចម្រុះ ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ ព្រះរាជអាជ្ញា បាន​សុំចូល​ឆែកឆេរ​ផ្ទះ​លោក ឃិន ម៉េង​ស្រេង ជា​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី ដោយ​សង្ស័យថា មាន​លួច​លាក់ទុក ឈើប្រណិត​ខុសច្បាប់ កាលពី​រសៀល​ម៉ោង​២​និង​១០ នាទី ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ប៉ុន្តែ​ម្ចាស់ផ្ទះ​បាន​បិទទ្វារ​ចាក់សោ សមត្ថកិច្ច​មិនអាច​ចូល​បានទេ​។​

 

​យ៉ាងណាក៏ដោយ មិនទាន់មាន​ព័ត៌មាន​លម្អិត ពី​បញ្ហា​នេះ​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​ចម្រុះ គ្រាន់តែ​ដាក់​ការសង្ស័យ សុំ​ចុះ​ត្រួតពិនិត្យ​ប៉ុណ្ណោះ ព្រោះ​គេ​ដឹងថា លោក ឃិន ម៉េង​ស្រេង ជា​មេ​យោធា​ដ៏​មានអំណាច គ្មាន​នរ​ណ​ហ៊ាន​ប៉ះពាល់​ទេ​។ ប្រជាពលរដ្ឋ នៅ​ខេត្ត​មណ្ឌល​គិ​រិ បានទទួល​ស្គាល់​គ្រប់ៗ​គ្នា​ថា លោក ឃិន ម៉េង​ស្រេង បាន​ចាត់តាំង​ឲ្យ​មាន​បណ្តាញ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទ្រង់ទ្រាយ​ធំ ប្រចាំខេត្ត​មណ្ឌលគិរី ឡើង​ដុះ​ស្លែ​ទៅហើយ គ្មាន​នរណា​ហ៊ាន​ក្អក​ជាមួយ​ទេ​។​

 

​សូម​រំលឹកថា លោក ឃិន ម៉េង​ស្រេង បាន​ឡើង​ធ្វើជា​មេ​យោធា ខេត្ដ​មណ្ឌលគិរី ជំនួស​លោក មាស នាក់ ដោយ​ពុំ​សូវ​មានការ​គាំទ្រ ពី​មន្ដ្រី​តូចតាច​នោះទេ ប៉ុន្តែ​ដោយសារ អំណាច​ទឹក​លុយ លោក ឃិន ម៉េង​ស្រេង អាចរ​ត់រក​ខ្សែ​ទុយោ ជួយ​អន្តរាគមន៍ រហូត​បាន​ឡើងកាន់តំណែង ដ៏​មានអំណាច​មួយ​នេះ ។ លោក ឃិន ម៉េង​ស្រេង មាន​មហិច្ឆតា ជ្រែ​យក​តំណែង របស់លោក មាស នាក់ ជា មេ​យោធា​ខេត្ដ​មណ្ឌលគិរី រាប់សិប​ឆ្នាំ​មកហើយ ប៉ុន្ដែ​មិនបាន​សម្រេច ជោគជ័យ ដោយសារតែ​មន្ដ្រី នៅក្នុង​ខេត្ដ​មិនសូវ​គាំទ្រ​គាត់ ។​

 

​លោក ឃិន ម៉េង​ស្រេង បាន​បាត់​ខ្លួន​មួយរយៈ ពី​ខេត្ដ​មណ្ឌលគិរី បន្ទាប់ពី​គាត់​បាន​សុំ​អន្ដរាគមន៍ ពី​មន្ដ្រី​មានអំណាច​មួយចំនួន ទៅកាន់​តំណែង ក្នុង​អង្គភាព​អភិវឌ្ឍន៍ នៅតាម​តំបន់​ព្រំដែន ដែល​ពេលនោះ គាត់​បាន​ឡើង​ស័ក្ដិ ជា​ឧត្ដមសេនីយ៍ត្រី ងាយស្រួល​រត់ការ យក​តំណែង​ជា មេ​យោធា​ខេត្ដ​មណ្ឌលគិរី រហូត​បានសម្រេច​ជោគជ័យ​។ លោក ឃិន ម៉េង​ស្រេង ធ្លាប់មាន​ប្រវត្តិ​ប្រើប្រាស់ កម្លាំង​ទាហាន និង​ក្រុមគ្រួសារ សាច់ញាតិ ឱ្យចូល​ព្រៃ​កាប់បំផ្លាញ ឈើ​នៅ​ភូមិភាគ​ឦសាន យ៉ាង​វិនាស​ហិនហោច គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ​៕

09-2-2014

 

Leave a Reply

(*) Required, Your email will not be published