រាជធានីភ្នំពេញ ៖ តារាសម្តែងដែលស្ទើតែធ្វើឱ្យទស្សនិកជនភ្លេចមុខបាត់ទៅហើយនោះក្រោយខកខានបង្ហាញវត្តមានក្នុងសង្គមសិល្បៈជាង៥ឆ្នាំអ្នកនាង និន សុធារ៉ា បន្ទាប់ពីចូលរោងការជាមួយបុរសអ្នកជំនួញម្នាក់ បានបង្ហាញវត្តមានសម្តែងសារជាថ្មីម្តងទៀត ក្នុងនាមជាតួអង្គម្តាយ។
ការបង្ហាញខ្លួនគួរឱ្យភ្ញាក់ផ្អើលរបស់តារាសម្តែងរូបនេះ ដោយបង្ហាញមុខជាថ្មីតាមរយៈខ្សែភាពយន្តភាគរឿង គំនុំអតីតជាតិ ដែលបានចាប់ផ្តើមដំណើរការថត នឹងគ្រោងដាក់បញ្ចាំងនៅក្នុងស្ថានីយទូរទស្សន៍CTN នាពេលខាងមុខនេះ ។
និន សុធារ៉ា បានឱ្យដឹងថា ការបាត់មុខពីសិល្បៈមួយរយះនេះដោយសារតែកាតព្វកិច្ចក្នុងគ្រួសារ ទើបធ្វើឱ្យនាងសម្រេចចិត្តផ្អាកមួយរយៈសិន។នាងបញ្ជាក់ថា បន្ទាប់ពីចូលប្រឡូកក្នុងសិល្បៈតាំងពីអំឡុងឆ្នាំ៩០ជាងមកនាងបាន សម្រេចចិត្តចូលរោងការនៅក្នុងឆ្នាំ២០០០ ហើយបានប្រែជីវិតរស់នៅជាលក្ខណៈគ្រួសារមួយដោយបានសម្រេចទុកចោលអាជីព សិល្បៈមួយរយៈ។នាងបន្តថា ចាប់តាំងពីនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈកន្លងមកនេះគឺនាងបាន ចូលរួមសម្តែងបានចំនួន៥រឿងមកហើយ ហើយរឿងចុងក្រោយមុនពេលដែលនាងចូលរោងការនោះគឺរឿងទាយាទអាប។
និន សុធារ៉ា បានឱ្យដឹងទៀតថា ដោយសារចិត្តនៅតែស្រឡាញ់នៅក្នុងវិស័យសិល្បៈនេះទើបនាងបានសម្រេច ចិត្តចាប់យកការសម្តែងនេះឡើងវិញ ប៉ុន្តែនាងនៅមិនទាន់មានជំនឿចិត្តនៅឡើយទេថា ការចាប់ផ្តើមអាជីពសម្តែងជាថ្មីឡើងវិញរបស់នាងនាពេលនេះអាចមានការ ភ្លាំងភ្លាត់ឬយ៉ាងណា ព្រោះពេលនេះនាងហាក់មានការខ្លាចកាមេរ៉ាថតនៅឡើយ។ម្យ៉ាងទៀតអ្វីដែល នាងនៅមិនទាន់ហ៊ានអះអាងពីភាពជោគជ័យរបស់នាងឡើងវិញក្នុងអាជីពសម្តែង នាពេលនេះ ដោយសារតែចាប់ក្បាលដំបូងនេះនាងបានក្លាយជាតួឆ្នាសឆ្នើម ដែលផ្ទុយពីរឿងមុនៗដែលនាងធ្លាប់សម្តែង។
ទោះជាយ៉ាងណាតារាសម្តែងរូបនេះបានបង្ហាញនូវក្តីរំពឹងទុកថា តាមរយៈការសម្តែងបើកមុខជាថ្មីក្នុងខ្សែភាពយន្តភាគរឿងគំនុំអតីតជាតិ របស់នាងនាពេលនេះនឹងនៅតែអាចទទួលបានការចាប់អារម្មណ៍ពីសំណាក់ ទស្សនិកជន បើទោះបីជាពេលនេះនាងបានត្រឹមជាតួអង្គម្តាយក៏ដោយ៕