ខេត្ដឧត្ដរមានជ័យ ៖ កំហឹង និងភាពគ្មានខន្តី ពោរពេញដោយហិង្សា បានធ្វើព្រះសង្ឃមួយអង្គដែលជាព្រះគ្រូចៅអធិការវត្ដប្រិយសុភមង្គលបន្សាយរ៉ាក់បាន វាយដូនជីម្នាក់របួសពេញខ្លួន ។ហេតុការភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ នៅក្នុងបរិវេណអនុ វិទ្យាល័យបន្សាយរ៉ាក់ ឋិតនៅភូមិ-សង្កាត់បន្សាយរ៉ាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដូនជីរងគ្រោះដែលត្រូវចៅអធិការវត្ដវាយឱ្យរបួសធ្ងន់នោះឈ្មោះ ម៉ឺន យ៉ោម អាយុ៦៥ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ ។ ចំណែកចៅអធិការវត្ដព្រះនាម ហូយ ឆន់វុឌ្ឍ ព្រះជន្ម៥៦ព្រះវស្សា ។
ប្រភពដដែលបានឱ្យដឹងទៀតថា មុនពេលកើតហេតុដូនចាស់បានទៅងូតទឹកនៅក្នុងបរិវេណអនុវិទ្យាល័យបន្សាយរ៉ាក់ ទល់មុខនឹងផ្ទះរបស់គាត់គាប់ជួនលោកយាយកំពុងសប់ទឹកបម្រុងងូត ស្រាប់តែឃើញសង្ឃព្រះនាម ហូយ ឆន់វុឌ្ឍ និមន្ដមករកគាត់ដោយនៅក្នុងដៃមានកាន់ដំបងធាងត្នោតដែលមានបន្លាទៀតផង រួចក៏វាយគាត់យ៉ាងចាស់ដៃ។ ពេលនោះជនរងគ្រោះបានរត់មកផ្ទះជំទប់ទី២ សង្កាត់បន្សាយរ៉ាក់ឱ្យជួយធ្វើអន្ដរាគមន៍ពីទង្វើរបស់ព្រះចៅអធិការវត្ដនេះ ។ ព្រះសង្ឃអង្គនេះមានថេរដីកាថា ហងឯងនេះហើយដែលបានផ្សឹកភិក្ខុ សាមណេរអស់ពីវត្ដ ដេញយាយជី ហើយរារាំងពុទ្ធបរិស័ទមិនឱ្យចូលវត្ដទៀត ។
ក្រោយកើតហេតុ ដូនជីរងគ្រោះត្រូវបានសាច់ញាតិនិងអ្នកភូមិដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដ ។ ជុំវិញករណីនេះ សមត្ថកិច្ចពាក់ព័ន្ធក៏ដូចជាមន្ដ្រីធម្មការ និងសាសនាខេត្ដកំពុងតែតាមដានករណីនេះយ៉ាងយកចិត្ដទុកដាក់ ៕