រាជធានីភ្នំពេញ ៖ នាដើមឆ្នាំ២០១៤នេះ បាតុកម្ម កូដកម្មបានកើតឡើងជាបន្តបន្ទាប់ ដែលបង្កើតបានជាកង្វល់មួយក្នុងសង្គមជាតិ ។ ជាក់ស្តែងតម្លៃទំនិញលើទីផ្សារជាបញ្ហាចម្បងមួយដែលតម្រូវឲ្យកម្មករ កម្មការិនី ទាមទារនូវប្រាក់ខែសមរម្យ ដើម្បីរស់នៅប្រកបដោយភាពថ្លៃថ្នូក្នុងសង្គមមួយ។ នាដើមខែមករា កម្មករ កម្មការិនី បានធ្វើបាតុកម្មទាមទារតំឡើងប្រាក់ខែគោល១៦០ដុល្លារ នៅសួនឧស្សាហកម្មពិសេសភ្នំពេញ និងសួនឧស្សាហកម្មកាណាឌីយ៉ា។ ថ្មីៗនេះបុគ្គលិកក្រុមហ៊ុន ស៊ីនទ្រី បានធ្វើបាតុកម្មទាមទារប្រាក់ខែ១៥០ដុល្លារ ។
ក្រោយពីធ្វើបាតុកម្ម មិនព្រមធ្វើការ រាជធានីភ្នំពេញ ក្លាយជាកន្លែងចាក់សំរាមពាសវាលពាសកាល ស្របពេលដែលភាគីទាំងបី គឺភាគីកម្មករ តំណាងក្រុមហ៊ុន និងតំណាងរដ្ឋាភិបាលកំពុងចរចាគ្នានៅថ្ងៃទី៤ កុម្ភៈ នេះ គំនរកាកសំណល់ និងសំរាមរាប់ពាន់គំនរនៅតាមដងវិថី និងទីសាធារណៈនានានៅភ្នំពេញ ត្រូវគេគរទុកចោលគ្មានអ្នកប្រមូលដឹកយកទៅចាក់ចោលដូចសព្វមួយដង ។
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញមួយចំនួនបានត្អូញត្អែរនៅថ្ងៃទី៤ កុម្ភៈ ថា គំនរសំរាមដែលគេគរទុកចោលនៅលើផ្លូវ និងនៅមុខផ្ទះជាច្រើន កំពុងចោលក្លិនស្អុយ រុយរោម ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពអ្នកជិតខាងយ៉ាងខ្លាំង។ របាយការណ៍របស់ក្រុមហ៊ុន ស៊ីនទ្រី កន្លងមកឲ្យដឹងថា កាកសំណល់ និងសំរាមនៅភ្នំពេញ ក្នុងមួយថ្ងៃមានចំនួនប្រហែល ១.៤០០តោន ដែលក្រុមហ៊ុន ស៊ីនទ្រី ធ្លាប់ប្រមូលដឹកចេញក្រៅទាំងយប់ទាំងថ្ងៃជារៀងរាល់ថ្ងៃ៕