រាជធានីភ្នំពេញ ៖ បុរសជនជាតិវៀតណាមត្រូវបានដេកគុក និងម្នាក់ទៀតបានស្លាប់ ក្នុងហេតុការណ៍ចាក់សម្លាប់គ្នាបណ្តាលមកពីទំនាស់ពាក្យសម្តីចេញពីការខ្វែងគំនិតគ្នា ។ ករណីចាក់សម្លាប់ប្អូនបង្កើតខ្លួននេះបាន កើតឡើងកាលពីវេលាម៉ោង២៣និង៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅ ក្នុងក្រុមទី៤ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង្វៀង យ៉ាំងទុង ហៅ យ៉ូ ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករសំណង់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតបានប្រហែល២ម៉ោង ។ រីឯជនដៃដល់ឈ្មោះង្វៀង យ៉ាំងសាង ហៅញ៉ុក ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មករសំណង់ត្រូវជាបងប្រុសបង្កើតជនរងគ្រោះ អ្នកទាំង២នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យនិងជនរងគ្រោះជាបងប្អូនបង្កើតនឹងគ្នា ហើយមានទំនាស់ពាក្យសម្ដីក្នុងគ្រួសារ តែមិនដឹងថាមកពីមូលហេតុអ្វីនោះទេ ស្រាប់តែជនសង្ស័យជាបងបានយកកូនកាំបិតចិតបន្លែចាក់ទៅលើដើមទ្រូងប្អូនប្រុសរបស់ខ្លួនត្រូវចំនួន៣កន្លែង ។ ក្រោយមកជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខណ្ឌមានជ័យ ប៉ុន្ដែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេកក៏ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែបាន២ម៉ោងក្រោយមកជនរងគ្រោះក៏ស្លាប់ ។
ក្រោយកើតហេតុជនសង្ស័យបានគេចខ្លួន តែលោកបានដាក់កម្លាំងឱ្យឃ្លាំមើលគ្រានោះជនសង្ស័យបានព្យាយាមគេចចេញពីផ្ទះកើតហេតុទៅកន្លែងផ្សេងក៏ ត្រូវចាប់ខ្លួននិងដកហូតកាំបិតចិតបន្លែមួយដែល ជាវត្ថុតាងប្រព្រឹត្ដបទល្មើស ។ ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបាន សមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យដើម្បីកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្ដតាមច្បាប់ ៕