រាជធានីភ្នំពេញ ៖ ស្នូរកាំភ្លើងបានលាន់ឡើង បណ្តាលឲ្យបុរស២នាក់បានរងរបួស ក្នុងនោះម្នាក់ជាមន្ត្រីនគរបាលការិយាល័យបុគ្គលិកនៃស្នងការសដ្ឋាននគរបាលខេត្តកណ្តាល។ករណីផ្ទុះអាវុធបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅផ្ទះជួសជុលម៉ូតូ លេខ ៤៦ ភូមិទួលរកា១ សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ម្នាក់ឈ្មោះ អែល ហាលី អាយុ ៤៤ឆ្នាំ ជា មន្ដ្រីនគរបាលការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល រងរបួសត្រង់ត្រគៀក និងជាម្ចាស់កាំភ្លើងខ្លី និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ អ៊ុយ សានកិត្យា អាយុ ៣២ឆ្នាំ មុខរបរ ជាជាងជួសជុលម៉ូតូ រស់នៅផ្ទះកើតហេតុខាងលើនេះ ។
ប្រភពព័ត៌ដដែលបានបញ្ជាក់ថា ជនរងគ្រោះ អ៊ុយ សានកិត្យា បានយកម៉ូតូរបស់ខ្លួនម៉ាកសេដេ ទៅដូរយកកាំភ្លើងខ្លីពីជនរងគ្រោះ អែល ហាលី ប៉ុន្ដែមិនដឹងថា យកទៅធ្វើអ្វីនោះឡើយ ។ នៅពេលដែលពួកគេទាំងពីរនាក់ កំពុងតែកាន់កាំភ្លើង ស្រាប់តែរាកៃផ្ទុះបណ្ដាលឱ្យជនរងគ្រោះ អ៊ុយ សានកិត្យា ចំប្រអប់ដៃ រីឯជនរងគ្រោះ អែល ហាលី ត្រូវត្រគៀក ។
ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ រុស្ស៊ី ។ យ៉ាងណាចំពោះករណីផ្ទុះអាវុធខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបាន និង កំពុងធ្វើការស្រាវជ្រាវបន្ដទៀត ពីព្រោះមានការសង្ស័យច្រើនទៅលើជនរងគ្រោះ ទាំងពីរ ដែលមានការដោះដូរកាំភ្លើង និងម៉ូតូ ហើយសមត្ថកិច្ចបានសុំគោលការណ៍ពីថ្នាក់លើ និងតំណាងអយ្យការចុះទៅឆែក ឆេរផ្ទះជនរងគ្រោះ ៕