ខេត្តព្រះសីហនុ ៖ ម្ចាស់ហាងផឹកស៊ីមួយកន្លែងឈ្មោះ ដាយ វ៉ឺ អ៊ិន មានទីតាំងនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលជាជនជាតិកាណាដា បានស្លាប់ កាលពីព្រឹកថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០១៤ ដោយជំងឺគាំងបេះដូង បន្ទាប់ពីបានបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក ចំការចេក ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនជាតិកាណាដារូបនេះ ឈ្មោះ FOX ROBERT AITDEN ភេទប្រុស កើតថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៤២ កាន់ Passort លេខ GG ៣២៥៤២៦ ចូលមកកម្ពុជានៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៣ ។
ប្រភពពីប្រពន្ធជាជនជាតិខ្មែរឈ្មោះ ម៉េង សុធារី អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាមបាននិយាយថា ប្តីរបស់គាត់ជាម្ចាស់ហាងខាងលើ គាត់បានមកជួលទីតាំងនេះនៅអំឡុងឆ្នាំ២០១៣ ដោយបើកជាភោជនីយ៍ដ្ឋានបរទេស ។ លុះមកដល់ព្រលប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤ គាត់មានអាការៈគាំងបេះដូងពេលនោះនាងបានដឹកបញ្ជូនគាត់ទៅមន្ទីរ ពេទ្យ ដើម្បីសង្គ្រោះតែគ្រូពេទ្យបានប្រាប់ថា គាត់មាន ជម្ងឺបេះដូង ។ រហូតដល់ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ស្រាប់តែបេះដូងរបស់គាត់មានអាការៈមិនល្អ ក៏ដឹកបញ្ជូនទៅមន្ទីរពេទ្យម្តងទៀត តែអកុសលពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថាគាត់ដាច់ខ្យល់ស្លាប់ទៅហើយ ។
ក្រោយការស្លាប់ និងធ្វើកោសលវិច្ច័យរួចរាល់មន្ត្រីនគរបាលផ្នែកកោសល្យវិច័យបានបញ្ជាក់ថា ជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយ និងស្លាប់ដោយសារគាំងបេះដូងមែន ។ សាកសពជនរងគ្រោះត្រូវបានដឹកយកមកតម្កល់នៅក្នុងហាងវិញ ដើម្បីរង់ចាំឲ្យស្ថានទូតកាណាដា ដើម្បីបញ្ជូនទៅស្រុកកំណើតវិញ ៕