រាជធានីភ្នំពេញ ៖ ស្របពេលដែលរាជរដ្ឋាភិបាលបានអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅនោះ វិស័យអប់រំបានដើរតួយ៉ាងសំខាន់ និងចម្បងគេសម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស ។ ថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡាបានចេញនូវសេចក្តីជូនដំណឹងបញ្ជាក់ឡើង វិញថា ការលក់-ទិញសៀវភៅសិក្សាគោល ដែលមានសរសេរនៅលើក្របថា “ហាមលក់” និង “កម្មសិទ្ធរបស់រដ្ឋ” គឺជាអំពើខុសច្បាប់បង្កឲ្យមានផលអវិជ្ជមានដល់ការងារអប់រំយ៉ាងខ្លាំង ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AKP។
ប្រភពព័ត៌មាននេះបានរាយការណ៍ថា «ក្រសួងអប់រំ៖ការលក់-ទិញសៀវភៅគោលដែលមានសរសេរនៅលើក្របថា “ហាមលក់” និង”កម្មសិទ្ធរបស់រដ្ឋ”ជាអំពើខុសច្បាប់» ។ អត្ថន័យខ្លឹមសារទាំងស្រុង៖
AKPភ្នំពេញថ្ងៃទី ០២ ខែកុម្ភៈឆ្នាំ ២០១៤-ក្រសួងអប់រំ យុវជន និងកីឡាបាននិយាយកាលពីចុងខែមករាឆ្នាំ ២០១៤ ថា ការទិញ-លក់សៀវភៅសិក្សាគោល ដែលមានសរសេរនៅលើក្របថា “ហាមលក់” និង”កម្មសិទ្ធរបស់រដ្ឋ”ជាអំពើខុសច្បាប់ និងបានស្នើដល់អាជីវករ និងសាធារណជនឈប់លក់-ទិញសៀវភៅនេះ ជា បន្ទាន់ ព្រោះសកម្មភាពនេះវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការងារអប់រំនោះ។
នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៤ ដែលមានចុះហត្ថលេខា ដោយឯកឧត្តមបណ្ឌិតហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាននិយាយ ថា ទោះបីកន្លងមកក្រសួងបាន ចេញ សេចក្តីណែនាំ សេចក្តីជូនដំណឹង និងបោះពុម្ពផ្សាយផ្ទាំង រូបភាពផ្សេងៗ ដែលមានខ្លឹម សារទប់ស្កាត់ ការលក់-ទិញសៀវភៅសិក្សាគោល ដែលមានសរ សេរនៅលើក្របថា “ហាមលក់” និង”កម្មសិទ្ធរបស់រដ្ឋ”យ៉ាងណាក៏ដោយ ក៏បច្ចុប្បន្ន ក្រសួង សង្កេតឃើញថា សៀវភៅសិក្សាគោលប្រភេទនេះ នៅមានដាក់ លក់តាមទីផ្សារ បណ្ណាគារ និងតូបលក់សៀវភៅនានាក្នុងរាជធានីភ្នំពេញ និងតាមបណ្តា ខេត្តមួយចំនួន ទៀតផង ។
សេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាសូមបញ្ជាក់ឡើង វិញថា ការលក់-ទិញសៀវភៅសិក្សាគោល ដែលមានសរសេរនៅលើក្របថា “ហាមលក់” និង “កម្មសិទ្ធរបស់រដ្ឋ” គឺជាអំពើខុសច្បាប់ បង្កឲ្យមានផលអវិជ្ជមានដល់ការងារអប់រំយ៉ាងខ្លាំង ។
ដូច្នេះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រសួងអប់រំ យុវជន ន្ងកីឡានឹងរួមសហការជាមួយស្ថាប័ន មាន សមត្ថកិច្ច ចុះតាមទីផ្សារ បណ្ណាគារ និងតូបលក់សៀវភៅនានា ដើម្បីរឹបអូសយកសៀវ ភៅគោល ដែលមានសរសេរនៅលើក្រប “ហាមលក់” និង“កម្មសិទ្ធរបស់រដ្ឋ”ដោយពុំមានការ ទូទាត់ប្រាក់ សំណងអ្វីឡើយ ហើយឈមនឹងការដាក់ទោសតាម ច្បាប់ជាធរមាន។
សេចក្តីជូនដំណឹងនោះបានសង្កត់ធ្ងន់ថា សូមអាជីវករ និងសាធារណជនទាំងអស់ មេត្តាជ្រាប និងឈប់លក់-ទិញសៀវភៅគោលដែលមានសរសេរនៅលើក្រប “ហាមលក់” និង “កម្មសិទ្ធរបស់រដ្ឋ”ជាបន្ទាន់ ហើយអាចរកទិញដុំ និងរាយដោយស្របច្បាប់នូវសៀវភៅសិក្សា គោលដែលមានសរសេរនៅលើក្របមុខថា “សម្រាប់លក់” នៅបណ្ណាគារ គ.ប.ច នៃគ្រឹះ ស្ថានបោះពុម្ព និងចែក ផ្សាយ ដែលមានអាសយដ្ឋានអាគារលេខ ១៤៨ មហាវិថីព្រះ នរោត្តម រាជធានីភ្នំពេញ(ទូរស័ព្ទលេខ ០២៣ ៦៣៦៣ ០៣៣)រៀងរាល់ម៉ោងធ្វើការ ព្រមទាំងនៅតាមទី ផ្សារ បណ្ណាគារ និងតូបលក់សៀវភៅ នានាក្នុងទូទាំងប្រទេស។
ប៉ុន្តែវិធានការខាងលើនេះ ក្រសួងអប់រំយុវជននិងកីឡា ព្រមានថា នឹងចាត់វិធានការប្រឆាំងសកម្មភាពទាំងនេះ ដោយមិនលើកលែង និងរើសមុខឡើយ បើនៅតែបន្តធ្វើអាជីវកម្មទៀត។ ទោះយ៉ាងណាក្រុមអង្គការសង្គមស៊ីវិល ហៅយន្តការរបស់ស្ថាប័នរដ្ឋនេះថា គឺគ្រាន់តែវាយស្មៅបង្អើលពស់តែប៉ុណ្ណោះ។
សម្រាប់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហៅចំណាត់ការរបស់ក្រសួងអប់រំ នៅពេលនេះថា នឹងពុំមានប្រសិទ្ធភាពឡើយ។ លោកគិតថា ការពង្រឹងច្បាប់ប្រឆាំងការលក់សៀវភៅសិក្សាគោលនេះ មិនគប្បីអនុវត្តចំពោះអ្នកលក់ដូរទេ។ លោកបន្តថា ផ្ទុយទៅវិញគប្បីសហការជាមួយម្ចាស់ធ្វើអាជីវកម្ម ដើម្បីកំណត់មុខសញ្ញាមន្ត្រីដែលយកសៀវភៅទៅធ្វើអាជីវកម្មនោះវិញ ប្រសើរជាជាង។ លោកបន្ថែមទៀតថា បើក្រសួងចង់ចាប់មន្ត្រីនៅក្រោមឱវាទខ្លួន គួរតែធ្វើសហការជាមួយតូបអ្នកសៀវភៅហ្នឹង។ បើសិនជាឃើញមន្ត្រីណាយកសៀវភៅយកអីមកលក់នៅតាមតូបហ្នឹង ត្រូវផ្ដល់ព័ត៌មានអាហ្នឹងបានត្រូវ។ ហើយមិនមែនមកដាល់ទណ្ឌកម្ម ចាប់រឹបអូសរបស់ពួកបងប្អូនប្រកបមុខរបរនៅតាមផ្សារហ្នឹង វាជារឿងមួយមិនត្រឹមត្រូវទេ។
ចំណែកលោក សន ជ័យ អ្នកសម្របសម្រួលបណ្ដាញរួបរួមគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (ANSA-EAP) ថ្លែងថា ដើម្បីបង្កើនគុណភាព និងពង្រឹងវិស័យអប់រំឲ្យមានល្បឿនជាងមុន រដ្ឋាភិបាលគប្បីចាត់វិធានការដោយម៉ឺងម៉ាត់ប្រឆាំងសកម្មភាពទាំងនេះ។ ទោះជាបែបណា លោកគិតថា ប្រសិទ្ធភាពពិតប្រាកដលើយន្តការនៃការអនុវត្តនេះស្ថិតក្នុងដំណាក់កាលនៃមន្ទិលសង្ស័យនៅឡើយ។
លោកបន្ថែមទៀតថា មានលក់នៅតាមទីផ្សារដោយខុសច្បាប់ ហើយសិស្សចេះតែខ្វះសៀវភៅ ហើយអ៊ីចឹងធ្វើឲ្យមហាជនហ្នឹងគេមើលឃើញថា អភិបាលកិច្ចនៅក្នុងការគ្រប់គ្រងសៀវភៅហ្នឹងវាអន់។ អ៊ីចឹងពេលនេះ ក្រសួងអប់រំចាត់វិធានការហ្នឹង ខ្ញុំគិតថា គឺជាជំហានមួយនៃការរីកចម្រើនផ្នែកវិធានការ។ ប៉ុន្តែប្រសិទ្ធភាពនៃការអនុវត្តផ្នែកវិធានការនេះ យើងរង់ចាំមើលទាំងអស់គ្នា៕