រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍របស់រថយន្ត និងម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ២៥នាទី យប់ថ្ងៃទី០១ កុម្ភៈ ២០១៤ នៅចំណុចផ្លូវ៣១៥ កែងផ្លូវ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញអ្នកទាំងពីរជិះម៉ូតូ CBR ពណ៌ខ្មៅ ១គ្រឿងពាក់ស្លាកលេខភ្នំពេញ 1BZ-3231 ធ្វើដំណើរយ៉ាងលឿនតាមផ្លូវ៣១៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ស្តុបផ្សារមាន់អាំង ជាចំណុចផ្លូវបែកជាបួនក៏បានជ្រុលល្បឿនទៅបុកចំពាក់កណ្តាលរថយន្តឡង់គ្រីស័រ ១គ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ រដ្ឋ13 2.3168 ដែលបត់ឆ្លងផ្លូវបណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូប៉ើងខ្ទាតបុកកញ្ចក់រថយន្តរបើកលលាដ៍ក្បាលស្លាប់គួរឲ្យរន្ធត់ និងនារីដែលរួមដំណើរជាមួយក៏ស្លាប់ផងដែរ ។
ក្រោយកើតហេតុរថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចធ្វើការវាស់វែងនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕