រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានក្លែងភេទជាព្រះសង្ឃ ត្រូវបានសន្តិសុខ យាមនៅក្នុងបុរី ប៉េង ហួត ឃាត់ខ្លួន បញ្ជូនឲ្យអាជ្ញាធរសង្កាត់និរោធ និងគណៈកម្មការវត្តប្រជុំវង្សធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចដោះលែងទៅវិញ កាលពីវេលាម៉ោង ១១ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅក្នុងវត្តប្រជុំវង្ស សង្កាត់និរោធ ខណ្ឌមានជ័យ ។
បុរសដែលឃាត់ខ្លួននោះមានឈ្មោះ ឡៃ វិចិត្រ អាយុ ២២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ប៉ាង សំអូន អាយុ ៣៣ឆ្នាំ ស្នាក់តាមការដ្ឋាន ម្តុំជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ ហើយមានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង ។ នៅចំពោះមុខអាជ្ញាធរ និងគណៈកម្មការវត្តប្រជុំវង្សឈ្មោះ ប៉ាង សណអូន បានសារភាពថា ខ្លួនមកពីស្រុកកំណើតបានជាង ១ ខែមកហើយ ហើយមកធ្វើជាកម្មករសំណង់នៅម្តុំជម្ពូវ័ន្ត ដោយសារតែធ្វើកម្មករហត់ពេក និងមិនសូវមានលុយចាយគាប់ជួនឈ្មោះ ឡៃ វិចិត្រ មកបបួលស្លៀកពាក់ជាសង្ឃ ដើម្បីងាយស្រួលរកលុយនោះទើបនាំគ្នាទៅរកស្បង់ជីពរមកគ្រង និងនាំគ្នាដើរបិណ្ឌបាត្រនៅក្នុងភូមិសាស្ត្រសង្កាត់និរោធ ជាពិសេសនៅក្នុងបុរីប៉េងហួត ដោយហេតុថា នៅក្នុងបុរី ងាយស្រួលរកបានបច្ច័យច្រើន ព្រោះសំបូរដោយអ្នកមានទ្រព្យសម្បត្តិមានលុយកាក់ច្រើន ។
បុរសឈ្មោះ ឡៃ វិចិត្រ បាននិយាយថា ក្នុងមួយថ្ងៃៗ ពួកគេដើរបិណ្ឌបាត្រ បានចង្ហាន់ និងបច្ច័យ ២ម៉ឹនរៀល ទៅ ៥ម៉ឺនរៀល ។ ឡៃ វិចិត្រ បន្តទៀតថា នៅថ្ងៃកើតហេតុនេះ ពួកខ្លួនបានដើរចូលទៅក្នុងបុរីប៉េង ហួត រហូតដល់ម៉ោងជិត១១ ថ្ងៃត្រង់ ក៏និមន្តចេញពីក្នុងបុរី វិញ ប៉ុន្តែត្រូវសន្តិសុខបុរី ហៅ ហើយពួកខ្លួនភ័យ ក៏រត់ឡើងជិះម៉ូតូឌុបបានបន្តិច ហើយត្រូវសន្តិសុខដេញឃាត់ចាប់បាន បន្ទាប់ពីឈ្មោះ ប៉ាង សំអូន លោតចុះពីម៉ូតូ ហើយឆែកឃើញស្បែកជើង មួយគូ ដែលក្រុមសន្តិសុខស្គាល់ពីភិនភាគស្បែកជើង ដែលអាត្មាបានយកពីមុខផ្ទះមួយកន្លែង មិនចាំលេខ បន្ទាប់មកសន្តិសុខបុរី ក៏បានបញ្ជូនមកឲ្យអាជ្ញាធរ សង្កាត់និរោធ និងគណៈកម្មការវត្តប្រជុំវង្ស ធ្វើការអប់រំ ធ្វើកិច្ចសន្យា ប្តូរសម្លៀកបំពាក់ស៊ីវិល រួចឲ្យវិលត្រឡប់ទៅស្រុកវិញ។
ឡៃ វិចិត្រ បានបញ្ជាក់ថា ក្រោយពីដើរបិណ្ឌបាត្ររួច ដល់ម៉ោងឆាន់ ពួកគេទាំង២ នាក់ បានទៅរកវត្តនាគវ័ន្ត ដើម្បីស្នាក់អាស្រ័យបណ្តោះអាសន្ន ៕