ខេត្ដកែប ៖ កោះទន្សាយស្ថិតដែនសមុទ្រខេត្ដកែបនៃប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ នៃយើងសម្បូរទៅដោយប្រជុំកោះតូចៗ ដែលក្នុងនោះកោះទន្សាយកំពុងពេញនិយមបំផុតក្នុងចំណោមកោះទាំង ១៣ ផ្សេងទៀត ដោយបច្ចុប្បន្នសក្តានុពលទេសចររបស់ទីរមណីយដ្ឋានមួយនេះបានចាក់ស្រេះយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងអ្នកស្នេហាវិស័យទេសចរណ៍ ឱ្យនាំគ្នាអញ្ជើញទៅកម្សាន្តកាន់តែច្រើនឡើងពីមួយរដូវកាលទៅមួយរដូវកាលមិនចេះស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់។
យោងតាមឯកសារប្រវត្តិភូមិសាស្ត្រខ្មែរបានអះអាងថា កោះទន្សាយ មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃខេត្តកែប និងមានចម្ងាយ ៤.៥ គីឡូម៉ែត្រពីទីរួមខេត្ត ដែលជារមណីដ្ឋានអំណោយផលមកពីធម្មជាតិ អាចនិយាយបានថា ជាមុខព្រួញសេដ្ឋកិច្ចនៃទេសចរណ៍ដ៏ល្អប្រណីតប្រចាំទីខេត្តនេះទៀតផង។ សក្តានុពលក្នុងតំបន់នេះបានញ៉ាំងឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់អារម្មណ៍បំផុតនោះ គឺមានច្រើនអនេកហួសពីការបរិយាយ។
ជាក់ស្តែងនៅលើតំបន់ដែនកោះទន្សាយទាំងមូលមានឆ្នេរចំនួន ២ កន្លែងយ៉ាងធំទូលាយ និងមានជម្រាលវែងហើយមានល្បាក់រាក់ ដែលគ្របដណ្តប់ដោយគ្រាប់ខ្សាច់សក្បុស ទឹកសមុទ្រថ្លាឆ្វង់ ដូចកញ្ចក់ចាំងឆ្លុះដល់បាតអាចឱ្យយើងមើលឃើញយ៉ាងច្បាស់នូវពពួកផ្កាថ្មគ្រប់ប្រភេទ មានសម្រស់ស្រស់ស្អាតប្លែកៗពីគ្នា ”។ ខ្យល់អាកាសក៏បរិសុទ្ធបក់មកត្រសៀកៗ បង្កើតបានជាសំឡេងទឹករលកបោកប៉ះនឹងផ្ទាំងថ្ម ដែលដុះប៉ប្រះផ្ទៃទឹក គួរឱ្យចង់ចុះងូតប្រឡែងលេងជាមួយសត្វផ្សោត យ៉ាងត្រេកត្រអាលបំផុត ”។
យោងតាមសម្តីអ្នកស្រុកបានតំណាលតគ្នាឱ្យដឹងថា “ ឈ្មោះកោះទន្សាយនេះ ក្លាយមកពីពាក្យរំសាយ ព្រោះនៅពេលដែលស្តេចសាគររាជអស់សង្ឃឹមក្នុងការតស៊ូ ដោយមានការបែកបាក់ពលសេនា និងបក្ខពួកខ្លួនអស់ច្រើនព្រះអង្គក៏បានដឹកនាំអ្នកដែលសេសសល់ឆ្លងសមុទ្រ មកដល់កោះមួយនៅខាងមុខខេត្តកែប ហើយក៏បានធ្វើការរំសាយទ័ពនៅទីនោះតែម្តង ។ ដោយការហៅតៗគ្នាពីជំនាន់មួយទៅមួយជំនាន់កោះរំសាយ បានក្លាយទៅជា កោះអំសាយ កោះអន្សាយ លុះក្រោយមកក៏ក្លាយទៅជា កោះទន្សាយ រហូតមកដល់សព្វថ្ងៃនេះឯង ”។
ចំណែកផ្លូវដើរកម្សាន្តជុំវិញកោះ មានដើមរុក្ខជាតិស្រស់ត្រកាលផ្តល់ម្លប់ត្រឈឹងត្រឈៃល្មមនឹងត្រជាក់ស្រួលអារម្មណ៍ បំពេរដោយសំឡេងបក្សាបក្សី ដែលហ្វូងសត្វទាំងនេះវារមែងហិចហើរមកក្បែរៗ ច្រាំង នាវេលាថ្ងៃរៀបអស្តង្គត ដើម្បីឃ្លាំចាំចាប់សត្វត្រីធ្វើជាចំណីទៀតផង ។ ចំពោះការធ្វើដំណើរត្រូវចំណាយពេលប្រមាណជា៣៥នាទី(ស្ងប់រលក) ឬ៤៥នាទី ទៅ១ម៉ោង (រលកធំ) ដែលបច្ចុប្បន្ន យើងសង្កេតឃើញថា លំហូរចូលនៃភ្ញៀវទេសចរក្នុងស្រុកមានកំណើន គួរឱ្យកត់សម្គាល់ ផ្ទុយពីពេលមុន គឺមានតែភ្ញៀវបរទេស ដោយភាគច្រើនគាត់ទាំងនោះ ចាប់អារម្មណ៍ចូលមកកម្សាន្តទីរមណីយដ្ឋាន ដែលមានលក្ខណសម្បត្តិបែបនេះ ”។
ដូចអ្វីដែលបានរៀបរាប់ពីខាងដើម គឺជាដំណើរដើមចមមួយ ជំនួយដល់ការស្រូបយកលំហូរចូលនៃបណ្តាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ឱ្យអញ្ជើញមកលំហែកាយនៅលើទីរមណីយដ្ឋានអេកូទេសចរធម្មជាតិ កោះទន្សាយ នេះមិនចេះជិនណាយសោះឡើយ៕