រាជធានីភ្នំពេញ ៖ អ្នកដំណើរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាព្រឹកនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ ដែលជាថ្ងៃចូលឆ្នាំចិន-វៀតណាម នៅពេលដែលកងកម្លាំងសមត្ថកិច្ចរាប់រយនាក់សម្រុកចូលឡោមព័ទ្ធផ្ទះលោកឧកញ៉ាម្នាក់ ឋិតនៅបណ្តោយផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍នេះបានទាញក្រសែភ្នែកមហាជនដោយស្មានតែមានបទល្មើសអ្វី តែតាមពិតកម្លាំងទាំងនោះដែលមកពីស្ថាប័ននានា មានប៉េអឹម នគរបាល, យោធា, កងសន្តិសុខ និងកម្លាំងស៊ីវិលមួយចំនួនទៀតបាននាំគ្នាតម្រង់ជួរគ្នាចាំទទួលយក អាំងប៉ាវ ពីលោកឧកញ៉ា ផាត់ ប៊ុន ដែលតែងតែធ្វើទានដាក់លុយ ជាអាំងប៉ាវ ឲ្យកងកម្លាំងទូទៅ និងប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ។
សកម្មភាពនេះ នាំឲ្យមានការរិះគន់ យ៉ាងចាស់ដៃពីប្រជាពលរដ្ឋ ព្រោះមើលទៅ ហាក់ដូចជា ខ្វះភាពថ្លៃថ្នូរ។ មានការកត់សម្គាល់ថា រៀងរាល់ឆ្នាំ ឲ្យតែជិតដល់ថ្ងៃ ចូលឆ្នាំប្រពៃណីចិន គេតែងសង្កេតឃើញ នគរបាលប៉ុស្តិ៍ នៅរាជធានីភ្នំពេញ ឬទីប្រជុំជននានា តែងតែសរសេរលិខិត ស្នើសុំជំនួយផ្សេងៗ ពីម្ចាស់សិប្បកម្ម អាជីវកម្ម ឬក្រុមហ៊ុននានា។
ទង្វើរបស់នគរបាល ទាំងអស់នោះ ត្រូវមតិនានារិះគន់ថា មិនសមរម្យ ឬក៏មិនគួរ មានឡើយ។ តាមពិត នគរបាលទាំងអស់នោះ មិនចង់ធ្វើបែបនេះទេ ព្រោះទង្វើរបៀបនេះ ប្រៀបដូចអ្នកសុំទាន តែដោយហេតុប្រាក់ខែតិច ចាយមិនគ្រាន់ ទើបមុខក្រាស់ ហ៊ានធ្វើបែបនេះ។ ដូច្នេះសូមបងៗ សមត្ថកិច្ចពិចារណា ពីបញ្ហានេះឡើងវិញផង ដែលយ៉ាងណាស់ គួរតែដោះឯកសណ្ឋាន ពេលទៅយកអាំងប៉ាវ៕